មេស៊ីម៉ាក់កម្ពុជា៖ លក្ខណៈបច្ចេកទេស​គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ


ជាថ្មីម្តងទៀត ឆ្លើយតបនឹងចម្ងល់ថា តើធ្វើយ៉ាងម្ដេចបានដឹងថា​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ​? ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចេញមកបញ្ជាក់ថា ជាលក្ខណៈបច្ចេកទេស​ គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ។

ឯកឧត្តម ហេង រតនា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានពន្យល់ចំពោះចម្ងល់ខាងលើ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

កន្លងមកមានអ្នកស្នើសុំ ខ្ញុំឱ្យជួយបកស្រាយ​ ដោយចោទជាសំណួរថា «​ធ្វើយ៉ាងម៉េចបានដឹងថា​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ​ និងគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោង ក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!?»

ចម្លើយខ្លី៖ បើផ្អែកតាមលក្ខណៈបច្ចេកទេស មានចំនុចវិភាគសំណាកជាច្រើន ដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិត ក្នុងវេទិកានេះទេ​ និងសុំលើកយកចំណុចសង្ខេបខ្លី មកបញ្ជាក់ជូនជ្រាបថា​៖​ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី​ ឬគ្រាប់កាំភ្លើងធំក្តី​ សុទ្ធតែមានលេខកូដ​សម្គាល់​ខែឆ្នាំផលិត​ ឬប្រទេស/ក្រុមហ៊ុនផលិត​ បន្ថែមលើសនេះ សម្រាប់កម្ពុជា​ រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពអង្គភាព CMAC ក្នុងការធ្វើការសិក្សា​ស្រាវជ្រាវព័ត៌មាន និងរៀបចំទិន្នន័យការ ទម្លាក់គ្រាប់បែក ក្នុងសម័យសង្គ្រាមអតីតកាល បានយ៉ាងច្បាស់លាស់​ ដោយមានកំណត់ត្រាព័ត៌មាន ពាក់ព័ន្ធការទម្លាក់គ្រាប់បែក ពីយន្តហោះ​ ដូចជាកាលបរិច្ឆេទ​ ប្រភេទយន្តហោះ​ និងចំណុចទីតាំង នៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ។

ប្រការដូចខាងលើនេះ ជាលក្ខណៈបច្ចេកទេស​ គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ!!៕