កម្ពុជារៀបចំកិច្ចសន្ទនាមន្ត្រីជាន់ខ្ពស់ស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ»


កិច្ចសន្ទនាមន្ត្រីជាន់ខ្ពស់ស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ» បានបើកនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចសន្ទនា មន្ត្រីជាន់ខ្ពស់នេះ មានរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយក្រសួងការបរទេស សហរដ្ឋអាមេរិក ដោយបានប្រមូលផ្តុំនូវអ្នកជំនាញនានាជាច្រើន មកពីបណ្តាស្ថាប័នជាតិនៃរាជរដ្ឋាភិបាល រួមមាន៖ មន្ត្រីគយ អ្នកជំនាញក្នុងវិស័យសន្តិសុខ អ្នកជំនាញផ្នែកច្បាប់ និងតំណាងមកពីអង្គការ/ស្ថាប័នអន្តរជាតិ សន្តិសុខ អ្នកជំនាញ ផ្នែកច្បាប់ និងតំណាងមកពីអង្គការ/ស្ថាប័នអន្តរជាតិនានា ហើយបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កម្មវិធី EXBS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការកសាងសមត្ថភាព និងការបង្កើនភាពរឹងមាំរបស់ប្រទេសជាដៃគូ ក្នុងការប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន នូវអាវុធមហាប្រល័យ, ប្រព័ន្ធដឹកជញ្ជូនអាវុធទាំងនោះ ប្រភេទអាវុធទូទៅ ក៏ដូចជា ទំនិញទ្វេមុខ ជាដើម។

នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានថ្លែងនៅក្នុឱកាសនោះថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលយើងគ្រប់គ្នាបានដឹងថា កម្មវិធីគ្រប់គ្រងការនាំចេញ និងសន្តិសុខព្រំដែន (EXBS Program)នេះ គឺជាគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលនៃសហរដ្ឋអាម៉េរិក បានក្លាយទៅជាដៃគូ ដ៏សំខាន់មួយសម្រាប់ប្រជាជាតិនានានៅទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ក្នុងភាពជាដៃគូនេះ កម្មវិធី EXBS បានផ្តល់នូវជំនាញ និងធនធានសំខាន់ៗក្នុងការពង្រឹងសមត្ថភាពជាតិ ដើម្បីការពារពីការរីក សាយភាយនៃអាវុធមហាប្រល័យ (WMD) និងប្រព័ន្ធដឹកជញ្ជូនអាវុធ ទាំងនោះ។
ស្របពេលជាមួយគ្នានេះ កម្មវិធីនេះក៏បានគាំទ្រដល់ ការធ្វើពាណិជ្ជកម្មស្របច្បាប់ និងជំរុញឱ្យមានសន្តិសុខនៅតាមព្រំដែន ដែលអាចការពារដល់ប្រជាជន សេដ្ឋកិច្ច និងអនាគតរួមគ្នារបស់ប្រជាជាតិ ទាំងអស់។
នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ កត្តាលំហូរពាណិជ្ជកម្មសកលមាន ភាពស្មុគ្រស្មាញជាងពេលណាៗទាំងអស់ ដោយយើងត្រូវប្រឈមមុខនឹង ហានិភ័យនានាដែលកើតមានឡើង ពេលពុំបានគ្រប់គ្រងត្រឹមត្រូវ នៅតាមព្រំដែន។ ហេតុនេះហើយទើបវត្តមាននៃកម្មវិធី EXBS នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយប្រទេសយើងឱ្យមានតុល្យភាពក្នុងការសម្រប សម្រួលពាណិជ្ជកម្ម ជាមួយនឹងការការពារសន្តិសុខជាតិ និងអន្តរជាតិ។

លោកបានបញ្ជាក់ថា សម្រាប់កម្ពុជា អត្ថប្រយោជន៍ដែលទទួលបានពី កិច្ចសហប្រតិបត្តិការជាមួយកម្មវិធី EXBS គឺមានច្រើនណាស់។ ជាក់ស្តែង តាមរយៈគំនិតផ្តួចផ្តើម PWMD-STMI ដែលស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធីនេះ នឹងគាំទ្រដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បី៖ ពង្រឹងវិស័យសន្តិសុខជាតិ៖ តាមរយៈការបង្កើតប្រព័ន្ធដ៏រឹងមាំមួយ ដើម្បីគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ ការពារប្រជាជន និងព្រំដែន របស់យើងធ្វើជាចរន្តក្នុងការចរាចរទំនិញខុសច្បាប់៕