ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំ Kick off Meeting ជាមួយប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB)


នាថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ Kick off meeting ជាមួយប្រតិភូក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក ឡុង ពិសិដ្ឋ និងលោក James Rebstock ដើម្បីពិនិត្យលើការអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ដ្រីបច្ចេកទេស ទីប្រឹក្សាជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅ ព្រមទាំងតំណាងអភិបាលនៃគណៈអភិបាលខេត្តគោលដៅ និងក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់បន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារអនុវត្តគម្រោងតាមបណ្តាខេត្តគោលដៅត្រូវយកចិត្តទុកដាក់ និងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងការផ្តល់គ្រប់ព័ត៌មានដែលជាតម្រូវការសម្រាប់ការពិនិត្យឱ្យបានល្អិតល្អន់ ដើម្បីរៀបចំឱ្យត្រូវនឹងផែនការ៕