ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) បានប្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុនថា កម្ពុជាប្តេជ្ញាក្នុងការដោះស្រាយវិវាទជាមួយថៃតាមរយៈការសន្ទនា និងការចរចាតាមលក្ខណៈការទូត។
ឯកឧត្តមលើកឡើងបែបនេះ នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក MIYAJI Takuma អនុរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស នៅទីស្តីការក្រសួងការបរទេសជប៉ុន។
កិច្ចពិភាក្សានេះ បានផ្តោតលើកិច្ចពង្រឹងបន្ថែម នូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះគោលការណ៍ពហុភាគីនិយម ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ និងការការពារសន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់។ ក្នុងស្មារតីនេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានធ្វើបច្ចុប្បន្នភាពជូនលោកអនុរដ្ឋមន្រ្តីជាន់ខ្ពស់ការបរទេសជប៉ុនអំពីស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីជំហររឹងមាំរបស់កម្ពុជា ប្រកបដោយសន្តិវិធីក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទតាមរយៈការសន្ទនា និងការចរចារតាមលក្ខណៈការទូត។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តីក៏បានបង្ហាញពីក្តីសង្ឃឹមរបស់កម្ពុជាចំពោះការបន្តការយោគយល់ និងការគាំទ្ររបស់ប្រទេសជប៉ុនចំពោះគោលជំហររបស់ខ្លួន ដោយកត់សម្គាល់ថា វិធីសាស្រ្តរបស់កម្ពុជាឆ្លុះបញ្ចាំងមិនត្រឹមតែការគោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានគោលដៅយូរអង្វែងរបស់ខ្លួនក្នុងការរួមចំណែកកសាងភាពសុខដុមរមនា និងស្ថិរភាពក្នុងតំបន់៕