ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាសូមអំពាវនាវដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនៅទូទាំងពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការការពារសាធារណជនដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដែលអាចទុកចិត្តបាន ដើម្បីចៀសវាងពីវិបត្តិប្រព័ន្ធអេកូឡូស៊ី ដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិត។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងដូច្នេះនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសន្និសីទ International Day for Universal Access to Information (IDUAI) 2025 ដែលរៀបចំដោយអង្គការ UNESCO នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយលោកបានបន្ថែមថា សង្គមយើងសព្វថ្ងៃប្រឈមនឹងបញ្ហាស្របគ្នា គឺវិបត្តិផ្នែកបរិស្ថានរាប់បញ្ចូលការប្រែប្រួលអាកាសធាតុ ការបាត់បង់គម្របព្រៃឈើ និងជីវចម្រុះ ការបំពុល និងគ្រោះមហន្តរាយធម្មជាតិជាដើម ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេសការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម។
ជាមួយគ្នានេះ ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា៖ «ព័ត៌មានមិនពិតបានលេចចេញ និងមានវត្តមានកាន់តែខ្លាំងឡើង ដែលអាចបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព និងគុណភាពនៃការទទួលព័ត៌មានរបស់ពលរដ្ឋពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក៏ដូចជាវិស័យផ្សេងទៀតក្នុងសង្គម»។
អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានសង្កត់ធ្ងន់អំពីជំហររបស់ក្រសួងព័ត៌មានក្នុងការជំរុញភាពជាដៃគូក្នុងចំណោមរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងភាពធន់ បង្កើនសមត្ថភាពប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាថាទិន្នន័យបរិស្ថានសម្រាប់ផ្សព្វផ្សាយជូនសាធារណជនមានភាពត្រឹមត្រូវ សុក្រឹត និងទុកចិត្តបាន។
ឯកឧត្តម ក៏បានលើកឡើងសារៈសំខាន់នៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ទូទាំងប្រទេស ដែលដឹកនាំដោយក្រសួងព័ត៌មានរបស់កម្ពុជា ដោយគំនិតផ្តួចផ្តើមនេះរួមបញ្ចូលការជំរុញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងការផ្សព្វផ្សាយនៅមូលដ្ឋាន ដើម្បីការពារប្រជាពលរដ្ឋពីឧបាយកល និងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយការចែកចាយព័ត៌មានមិនពិត ការផ្សាយបំភ្លៃ បំភាន់សាធារណមតិ។
ឯកឧត្តម បានឆ្លៀតឱកាសនោះអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់រាប់បញ្ចូលទាំងអ្នកទទួលព័ត៌មានផង ឱ្យប្រើប្រាស់ព័ត៌មានដោយភាពស្មោះត្រង់ សុច្ចរិតភាព គោរពភាពជាម្ចាស់ប្រទេស ប្រកបដោយការទទួលខុសត្រូវ ដែលកត្តាទាំងនេះមានសារៈសំខាន់ សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដើម្បីធានាថាព័ត៌មានបម្រើដល់ប្រយោជន៍សាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់អំពីជំហររបស់ក្រសួងព័ត៌មានក្នុងការជំរុញភាពជាដៃគូក្នុងចំណោមរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងភាពធន់ បង្កើនសមត្ថភាពប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាថាទិន្នន័យបរិស្ថានសម្រាប់ផ្សព្វផ្សាយជូនសាធារណជនមានភាពត្រឹមត្រូវ សុក្រឹត និងទុកចិត្តបាន។
ឆ្លៀតឱកាសនោះ ឯកឧត្តម បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់រាប់បញ្ចូលទាំងអ្នកទទួលព័ត៌មានផង ឱ្យប្រើប្រាស់ព័ត៌មានដោយភាពស្មោះត្រង់ សុច្ចរិតភាព គោរពភាពជាម្ចាស់ប្រទេស ប្រកបដោយការទទួលខុសត្រូវ ដែលកត្តាទាំងនេះមានសារៈសំខាន់សម្រាប់គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដើម្បីធានាថាព័ត៌មានបម្រើដល់ប្រយោជន៍សាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
សូមជម្រាបជូនថា សន្និសីទសកលដែលរៀបចំដោយអង្គការ UNESCO និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការធានាការទទួលព័ត៌មានបរិស្ថានក្នុងយុគសម័យឌីជីថល» ដែលមានវត្តមានចូលរួមពីគណៈប្រតិភូអន្តរជាតិពីបណ្តាប្រទេសលើពិភពលោក មន្ត្រីអង្គការសហប្រជាជាតិ ក្រុមអង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាអំពីយន្តការក្នុងការទទួលព័ត៌មានពាក់ព័ន្ធនឹងវិស័យបរិស្ថានឱ្យកាន់តែប្រសើរឡើង សម្រាប់ជំរុញប្រសិទ្ធភាពវិធានការ និងសកម្មភាពឆ្លើយតបនឹងបញ្ហាអាកាសធាតុ ក៏ដូចជាការត្រៀមលក្ខណៈគ្រប់គ្រងគ្រោះមហន្តរាយ និងវិធានការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕