ពិធីក្រុងពាលីសុំសេចក្តីសុខក្នុងការជួសជុល និងកែលម្អ រមណីយដ្ឋានទួលព្រៃយាយ ក្រុងបាវិត


នាព្រឹកថ្ងៃសុក្រ១១កេីត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវ នឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយក្នុងការជួសជុល និងកែលម្អ រមណីយដ្ឋានទួលព្រៃយាយ។

 

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក អភិបាលរងខេត្ត,លោកនាយករងរដ្ឋបាលសាលាខេត្ត,លោកស្នងការរងនគរបាលខេត្ត,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត,លោក លោកស្រី ប្រធានមន្ទីរនានាក្នុងខេត្ត,លោកប្រធានក្រុមប្រឹក្សាក្រុង,លោកអភិបាល អភិបាលរង ក្រុងបាវិត,លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

 

សូមជម្រាបជូនថា រមណីយដ្ឋានទួលព្រៃយាយ មានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ក្រុងបាវិត ខេត្តស្វាយរៀងមានចម្ងាយប្រមាណ២,៥០០ម៉ែត្រ ពីច្រកទ្វាព្រំដែនអន្តរជាតិបាវិត ហេីយទីទួលបុរាណនេះ ពីដេីមរៀងមក រហូតដល់បច្ចុប្បន្ន បានក្លាយជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិតែងតែទៅគោរពបូជា បួងសួង បន់ស្រន់សុំសេចក្តីសុខសប្បាយតាមជំនឿរបស់ខ្លួនជាបន្តបន្ទាប់រៀងរាល់ថ្ងៃ កត្តាទាំងនេះហេីយដែលបានជម្រុញឱ្យរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាវិតរៀបចំកែលម្អរសោភ័ណ្ឌភាពទីតាំងនេះឱ្យភាពស្រស់ស្អាត និងមានភាពទាក់ទាញសម្រាប់ជាប្រយោជន៍ពីពេលនេះទៅថ្ងៃអនាគត។