លោកជំទាវ ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។
ថ្លែងក្នុង ឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនមន្រ្តីរាជការជានារីទាំងអស់ នៃក្រសួងពាណិជ្ជកម្ម។ លោកជំទាវបានបន្តទៀតថា ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជាអង្គការមហាជនមួយដែលបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជាដែលនាពេលនោះ សមាគមមានឈ្មោះថា «សមាគមនារី សង្គ្រោះជាតិ» ក្រោយមកបានប្តូរឈ្មោះជាបន្តបន្ទាប់ និងកែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ។ ដោយឡែក វត្តមាន និងការរួមចំណែកទទួលខុសត្រូវរបស់បងប្អូនស្ត្រីនៅក្នុងវិស័យការងារពាណិជ្ជកម្ម វិនិយោគ គឺជាប្រការដែលមិនអាចខ្វះបាន ហើយកិច្ចការនេះគឺស្របទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ផងដែរ។ ជាការពិត ផ្អែកតាមគោលនយោបាយថ្នាក់ជាតិ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចតេជោតែងតែទទួលស្គាល់ និងចាត់ទុក «ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម» ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាល ដែលក្នុងងនោះរួមមាន ការអនុវត្ត «ផែនការយុទ្ធសាស្ត្រនារីរតនៈទី៣» ផងដែរ៕