ឯកឧត្តម ស សុខា ចង់ឃើញយុវជន ស.ស.យ.ក បន្តប្រកាន់ខ្ជាប់ស្មារតីឯកភាពជាតិ មានជំហររឹងមាំគាំទ្រដល់រដ្ឋាភិបាល ជឿទុកចិត្តនូវការដឹកនាំ និងប្រឆាំងនឹងក្រុមជ្រុលនិយម


ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. មន្ទីរវិស័យទាំង៣៧ ក្នុងខេត្តបាត់ដំបង និងសំណេះសំណាលប្រគល់លិខិតថ្លែងអំណរគុណ ជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង២៨ សីហា ២០២៥។

ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ស សុខា មានប្រសាសន៍ថា ការប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក.មន្ទីរវិស័យ ទាំង៣៧ក្នុងខេត្តបាត់ដំបងដែលមានសមាជិក សមាជិកាជាង១ ៧០០នាក់ នាឱកាសនេះធ្វើឱ្យសមាជិក សមាជិកានៃ ស.ស.យ.កខេត្តបាត់ដំបង អាចកសាងនូវកម្លាំងសាមគ្គីជាតិ ស្មារតីឯកភាពជាតិ គ្រប់ស្រទាប់វណ្ណៈមិនប្រកាន់និន្នាការនយោបាយស្របតាមពាក្យស្លោក ស.ស.យ.ក ភាសាតែមួយ បេះដូងតែមួយ ដើម្បីចូលរួមការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានរបស់បរទេស។

ឯកឧត្តមចង់ឃើញ យុវជន ស.ស.យ.ក បន្តប្រកាន់ខ្ជាប់នូវស្មារតីឯកភាពជាតិ និងមានជំហររឹងមាំគាំទ្រដល់រាជរដ្ឋាភិបាល និងជឿទុកចិត្តនូវការដឹកនាំ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងនឹងក្រុមជ្រុលនិយម និងអំពាវនាវឱ្យមហាជន ជាពិសេសពីសំណាក់យុវជនក៏ដូចជាកម្លាំងប្រដាប់អាវុធគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានជំរុញ និងលើកទឹកចិត្តដល់ ស.ស.យ.ក.ខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោកគ្រូ អ្នកគ្រូ សូមបន្តរៀបចំវគ្គបំប៉នដោយឥតបង់ថ្លៃដល់បេក្ខជនត្រៀមប្រឡងបាក់ឌុបជារៀងរាល់ឆ្នាំ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕