ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ


នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៦៦៧នាក់ (ស្រី ៣៩៦នាក់) ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះ បានប្រារព្ធធ្វើឡើងនៅស្នាក់ការទល់មុខសារមន្ទីរស្រុកមេមត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវជាអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សភាពាណិជ្ជកម្មខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបប្រមាណជិត ១,០០០នាក់។
ថ្លែងក្នុងកិច្ចស្វាគមន៍ លោក ស្រេង លី អភិបាលស្រុកមេមត់ បានធ្វើរបាយការណ៍សង្ខេបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នេះ ស្រុកមេមត់មានវិទ្យាល័យចំនួន ៥ ដែលមានបេក្ខជនប្រឡងជាប់សរុប ៦៦៧នាក់ (ស្រី ៣៩៦នាក់) គិតជាភាគរយ ៨០,៣២%។ ក្នុងចំណោមអ្នកជាប់ទាំងអស់ មានសិស្សជាប់និទ្ទេស A ១៤នាក់ (ស្រី ៧នាក់), និទ្ទេស B ៣៨នាក់ (ស្រី ២៦នាក់), និទ្ទេស C ១៤៥នាក់ (ស្រី ៩៦នាក់), និទ្ទេស D ២៥៣នាក់ (ស្រី ១៦០នាក់) និងនិទ្ទេស E ២១៧នាក់ (ស្រី ១៦០នាក់)។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់អំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ចំពោះជីវភាព និងការអភិវឌ្ឍន៍ធនធានមនុស្សរបស់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាល ដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ដើម្បីបង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ក្នុងគោលបំណងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមាតា-បិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំនឹងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀនពីសំណាក់លោកគ្រូ-អ្នកគ្រូ ជាពិសេសក្មួយៗសិស្សានុសិស្សបានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលជាផ្លែផ្កាដ៏ល្អប្រសើរនាពេលនេះ។
បន្ថែមលើនេះ ឯកឧត្តម ប៉ែន កុសល្យ បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ល្អ គោរពច្បាប់ចរាចរណ៍ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើខុសច្បាប់នានា។ ចំពោះការបន្តការសិក្សានៅមហាវិទ្យាល័យ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសិក្សាភាសាជាតិ ភាសាបរទេស ស្រាវជ្រាវតាមបច្ចេកវិទ្យាព័ត៌មាន រៀនទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ក្នុងការសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួនទៅអនាគត ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A។ ឯកឧត្តមក៏បានចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សជ័យលាភីទាំងអស់ និងសិស្សប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ៕