គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់សំឡេងរំខាន ពីសំណាក់កងទ័ពថៃគឺជាអំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបរាប់ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គ.ស.ម.ក. បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានអះអាងថា កងយោធាថៃបានចាក់សំឡេងខ្មោចលង តាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗចាប់ពីម៉ោង ១០ និង ៤៤ នាទី រសៀល រហូតដល់ម៉ោង ១២ និង ៤ នាទី កណ្តាលអាធ្រាតុ និងបានបន្តចាក់សំឡេងរំខានជាសំឡេងយន្តហោះ ពីម៉ោង ៣ និង ២២ នាទី រហូតដល់ម៉ោង ៣ និង ៥៣ នាទី ទាបភ្លឺដោយមានគោលបំណងរំខាននិងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។
សំឡេងទាំងនេះ ត្រូវបានចាត់ទុកជាសំឡេងខ្លាំងនិងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ សកម្មភាពបែបវិទ្ធង្សនា និង
បង្កហេតុទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំងជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាង ប្រទេសទាំងពីរទៀតផង។ សកម្មភាពទាំងនេះ មិនគួរមានក្នុងសង្គមដែលមានអរិយធម៌ និងផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិដែលប្រកាន់ខ្ជាប់សន្តិភាព សិទ្ធិមនុស្ស និងការគោលរពអធិបតេយ្យភាពរគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិទាំងអស់។ សកម្មភាពខាងលើ គឺជាការរំលោភ យ៉ាងធ្ងន់ធ្ងរនូវស្មារតីកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជានិងថៃ៕