ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតាំងគោក នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកតាំងគោក រយៈពេល ០៩ខែ និងប្រចាំខែតុលា ឆ្នាំ២០២៥ និងបានដាក់ចេញទិសដៅអនុវត្តបន្តមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដល់គិតគូរដោះស្រាយឱ្យបានជាក់ស្តែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលជួបការលំបាក។
កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីអនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ អភិបាលស្រុកតាំងគោក និងមានអនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំជាច្រើរូបទៀតផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវក្តាប់ឱ្យជាប់អំពីស្ថានភាពពលករមកពីថៃ ដោយត្រូវចុះសួរសុខទុក្ខ និងខិតខំស្វែងរកឱកាសការងារជូនពួកគាត់ឱ្យបានសមរម្យ។ ជាមួយគ្នានោះត្រូវខិតខំជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើនផលិតផលក្នុងស្រុក ក្នុងស្ថានភាពដែលប្រទេសជាតិប្រឈមនឹងបញ្ហាជម្លោះតាមព្រំដែនកម្ពុជា-ថៃផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់ដល់ដំណាំ និងកសិផលរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ដូចជាដំឡូងមី និងស្វាយចន្ទី ដោយជួយសម្រួលរកទីផ្សារឱ្យបានល្អជូនពួកគាត់។ ជាមួយគ្នានោះត្រូវស្តារ និងជួសជុលហេដ្ឋារចនាសម្ព័នផ្លូវលំតាមបណ្តាឃុំ ភូមិ ដែលរងខូចខាតដោយជំនន់ទឹកភ្លៀង។
ចំពោះការងារគណបក្សវិញ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារ និងមន្រ្តីបក្សគ្រប់លំដាប់ថ្នាក់បន្តក្តាប់ជាប់នូវសភាពការណ៍កើតឡើងនៅមូលដ្ឋាន ការងារសតិអារម្មណ៍នយោបាយសំដៅធ្វើការឆ្លើយតប និងវាយបកឱ្យបានទាល់ពេលវេលា, បន្តពង្រឹងសមាជិកបក្សទាំងបរិមាណ និងគុណភាពដោយគ្រប់ភូមិ ត្រូវខិតខំកសាងសមាជិកបក្សឱ្យបាន ៨៣.៥% ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅចុងឆ្នាំ២០២៥នេះ។ ជាងនេះទៀត ត្រូវពង្រឹងរចនាសម្ព័ន និងរបៀបរបបការងាររបស់គណបក្សឃុំ ឱ្យមានប្រសិទ្ធភាព និងសុីសង្វាក់គ្នាជាមួយក្រុមការងារចុះមូលដ្ឋានឃុំ។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុុមការងារយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើការពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងយុវជន និងបង្កើនសមត្ថភាពយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក សម្រាប់គោលដៅអ្នកបន្តវេន, បន្តជំរុញដំណើការសាងសង់ទីស្នាក់ការគណបក្សស្រុកតាំងគោកឱ្យបានមុខបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២៧, បន្តចុះជាប់នៅមូលដ្ឋានឃុំ ភូមិ ក្រុម គ្រួសារបក្ស និងសមាជិកបក្ស និងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋាន។
ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន ក៏បានបញ្ជាក់អំពីការផ្តល់អាហារូបករណ៍របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅតាមសាកលវិទ្យាល័យធំៗក្នុងរាជធានីភ្នំពេញ ជូនដល់សិស្សជាប់បាក់ឌុបនៅក្នុងមូលដ្ឋានស្រុកតាំងគោក និងបានណែនាំដល់ក្រុមការងារ គណបក្សស្រុក និងគណបក្សឃុំ ធ្វើការផ្សព្វផ្សាយ និងជួយជំរុញលើកទឹកចិត្តដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុប ឱ្យមកដាក់ពាក្យ និងទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមនៅភ្នំពេញ៕