ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍មកកាន់មាតុភូមិ ប្រកបដោយសុខសុវត្ថិភាព ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេលជិត២ខែកន្លងមក។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង។ ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។
ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ។
ប្រទេសទាំងពីរ គឺជាមិត្តដ៏រឹងមាំមិនអាចបំបែកបាន ដែលទំនាក់ទំនងដ៏ស្អិតរមួតនេះ ត្រូវបានបង្កើតឡើងដោយ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ខណៈដែលទំនាក់ទំនងនេះ ត្រូវបានពូនជ្រំជាបន្តបន្ទាប់ និងកាន់តែខ្លាំងក្លាឡើង ដោយរាជរដ្ឋាភិបាលប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។
ក្រៅពីយាងពិនិត្យព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញព្រះរាជកិច្ចមួយចំនួនទៀតដោយនៅក្នុងនោះមានដូចជា៖
ព្រះអង្គបានយាងជួបសវនាការជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងជំទាវទី១ របស់ចិន លោកស្រី Peng Liyuan នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ បើតាមបណ្តាញសង្គម លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានបង្ហោះរូបភាពជំនួបនេះ បានចាត់ទុកថា សវនាការនេះមានសារសំខាន់សម្រាប់ប្រទេសចិន និងកម្ពុជាក្នុងការឈរយ៉ាងរឹងមាំជាមួយគ្នាដើម្បីជម្នះការរំខាន និងរួមដៃគ្នាក្នុងការពន្លឿនការកសាងសហគមន៍ចិន-កម្ពុជា គ្រប់កាលៈទេសៈជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។
បន្ថែមពីនេះនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងជាព្រះកិត្តិយសក្នុងពិធីរំឭកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង យោងតាមសេចក្តីសូមយាងពី លោកប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៕