ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងផលប៉ះពាល់នៅទីតាំង​សាង​សង់​របង​ថ្ម​ជាប់មាត់ស្ទឹងស្លាគូ ដែលរក្សាទុកចំណីមាត់ស្ទឹងខ្លីខុសពីច្បាប់កំណត់ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ


នាព្រឹកថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យជាក់ស្តែងផលប៉ះពាល់នៅទីតាំងសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូប្រវែង ១១៩ម៉ែត្រ ដែលបានរក្សាទុកចំណីមាត់ស្ទឹងខ្លីខុសពីច្បាប់កំណត់ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

សូមជម្រាបថា ជាវិធានការ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានធ្វើការណែនាំឱ្យក្រុមហ៊ុនរុះរើសំណង់របងបេតុងប្រវែង ១១៩ម៉ែត្រ ដែលបានសង់កៀកនឹងមាត់ស្ទឹង ថយមកខាងក្រោយដោយរក្សាទុកគម្លាត ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង ទៅតាមច្បាប់កំណត់ ក្នុងរយៈពេល១៤ថ្ងៃ ហើយដែលការអនុវត្តការរុះរើរបងនេះ គឺស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដឹកនាំដោយឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ព្រមទាំងមេធាវីប្រចាំក្រសួង ដឹកនាំដោយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ សហការជាមួយរដ្ឋបាលស្រុកត្រាំកក់ មន្ទីរ និងការិយាល័យជំនាញ និងតំណាងក្រុមហ៊ុន។

សូមបញ្ជាក់ថា បើតាមមាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដីចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖
ទី១)ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម(ពេលទឹកជោរអតិបរមា)
ទី២)ទន្លេ ចម្ងាយ៥០(ហាសិប)ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
ទី៣)ស្ទឹង ចម្ងាយ៣០(សាមសិប)ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
ទី៤)ព្រែក ចម្ងាយ២០(ម្ភៃ)ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
ទី៥) អូរ ចម្ងាយ១០(ដប់)ម៉ែត្រ គិតពីមាត់ច្រាំងអូរ
ទី៦)ប្រឡាយមេ ចម្ងាយ១០(ដប់)ម៉ែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
ទី៧)ប្រឡាយរង ចម្ងាយ៥(ប្រាំ)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
ទី៨) ប្រឡាយស្រោចស្រព ចម្ងាយ៣(បី)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
ទី៩)អាងទឹក ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក
ទី១០)បឹងបួ ចម្ងាយ៥០(ហាសិប)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក និង
ទី១១)ទំនប់អាងទឹក ចម្ងាយ២០(ម្ភៃ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់តិចជាង៤(បួន)ម៉ែត្រ។ ចម្ងាយ១០០(មួយរយ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់ពី៤(បួន)ម៉ែត្រទៅ៨(ប្រាំបី)ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨(ប្រាំបី)ម៉ែត្រឡើងទៅត្រូវបានកំណត់អនុក្រឹត្យដោយឡែក៕