អបអរសាទរ ខួប២១ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក


(ភ្នំពេញ)៖ កម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមកដល់ពេលនេះមានរយៈពេល ២១ឆ្នាំហើយ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៥)។

ក្នុងរយៈពេល ២១ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ពោលគឺចាប់តាំងពីឆ្នាំ២០០៤ មក ការនាំចេញរបស់កម្ពុជា មានកំណើនជាបន្តបន្ទាប់ ជាពិសេសការនាំចេញក្នុងវិស័យកាត់ដេរ ដែលបង្កើតបានការងារជាច្រើន សម្រាប់ប្រជាជនកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។

សូមជម្រាបថា កម្ពុជាបានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ WTO នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៩៤។ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ក្រុមការងារចូលជាសមាជិកអង្គការ WTO របស់កម្ពុជាត្រូវបានបង្កើតឡើង។ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៩៩ អនុស្សារណៈស្តីពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា បានផ្ញើជូនទៅលេខាធិការដ្ឋានអង្គការ WTO។ លុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ កម្ពុជាបានក្លាយជាសមាជិកអង្គការ WTO ជាផ្លូវការ។

បន្ទាប់ពីបានក្លាយជាសមាជិកអង្គការ WTO កម្ពុជា បានធ្វើការត្រួតពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនបានចំនួន ២លើកប្រកបដោយជោគជ័យ គឺលើកទី១ ធ្វើនៅថ្ងៃទី១-៣ ខែវិច្ឆិកា ឆ្នាំ២០១១ និងលើកទី២ នៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របតាមកាតព្វកិច្ច។

កម្ពុជាត្រូវបានជ្រើសរើសជាប្រធានក្រុមសម្របសម្រួល នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីដើមឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០១៨។

ការក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនេះ កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមានដូចជា៖ ជួយពង្រឹងគោលនយោបាយ និងស្ថាប័នក្នុងស្រុក តាមរយៈកំណែទម្រង់លិខិតបទដ្ឋាន ច្បាប់ និងកម្មវិធីការងារ ក្រោយពីក្លាយជាសមាជិកអង្គការ WTO បង្កើតបានជាបរិយាកាសទាក់ទាញវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងបានពង្រីកបានទីផ្សារនាំចេញ ទៅកាន់ទីផ្សារសំខាន់ៗ ជាច្រើន៕