រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវរួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវជោគជ័យក្នុងការលើកកម្ពស់សុខភាពជូនប្រជាជន ពិសេសនៅតាមទីជនបទដាច់ស្រយាល


(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវចូលរួមក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យមានការសហការសម្របសម្រួល និងឱ្យមានការចូលរួមយ៉ាងស្មោះស្ម័គ្រអស់ពីកម្លាំងកាយចិត្តពីសំណាក់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវជោគជ័យក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជន ជាពិសេសនៅតាមទីជនបទដាច់ស្រយាល។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ពិធីនេះរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ មានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសុខាភិបាល និងបណ្តាមន្ទីរ-ស្ថាប័នពាក់ព័ន្ធ។

បន្ថែមពីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់លោកប្រធានមន្ទីរ និងសុខាភិបាលទាំងអស់ ត្រូវគោរព អនុវត្កតាមការណែនាំពីក្រសួងសុខាភិបាល និងត្រូវមានគណនេយ្យភាព ការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ និងត្រូវយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ប្រតិបត្តិមុខងារ តាមតួនាទីរបស់ខ្លួន ដោយប្រកាន់យកអាកប្បកិរិយាសមរម្យ ភាពថ្លៃថ្នូរ ប្រកបដោយកិត្កិយស គោរពការសម្ងាត់វិជ្ជាជីវៈ អព្យាក្រឹត្យក្នុងការងារ ភក្កីភាព និងគិតគូរដល់ប្រយោជន៍ជាតិ ចៀសវាងឱ្យបាននូវការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍ និងមតិយោបល់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដោយត្រូវផ្តោតសំខាន់ ២ចំណុច៖

១៖ សារគន្លឹះសម្រាប់ដំណើរការទៅមុខរបស់មូលដ្ឋានសុខាភិបាល

* ធានាឱ្យមាននិរន្តរភាព លំនឹង ភាពខ្លាំង រឹងមាំ និងបទបែន ដោយក្នុងនាមអ្នកដឹកនាំត្រូវធានាធ្វើឱ្យយ៉ាងណាសេវាមិនមានភាពយឺតយ៉ាវ អាក់ខាន ការដាច់ខ្សែចង្វាក់ ហើយត្រូវធ្វើការក្នុងវប្បធម៌ជោគជ័យ មានវិន័យច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់។

*ត្រូវពង្រឹងការងារជាក្រុម មានសាមគ្គីភាព ភាពរួបរួម ចែករំលែក ផ្តល់ឱ្យគ្នាទៅវិញទៅមក និងជាស្មារតីផងកុំឱ្យបែកជាផ្នែក។ ហើយត្រូវមានការកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត

*ត្រូវបម្រើសេវាដោយ សុចិតភាពសំដៅលើប្រយោជន៍រួមដល់សាធារណជនការទទួលខុសត្រូវ ទាំងសាធារណៈ និងឯកជន

*ថ្នាក់ដឹកនាំ ត្រូវចូលឱ្យដល់មូលដ្ឋានហើយនៅជាប់ជាមួយមន្រ្តីនៃមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក ខេត្ត និងសុខទុក្ខប្រជាពលរដ្ឋជានិច្ច

*លើកទឹកដោយត្រូវគិតអំពីជំនាន់ក្រោយ ដោយចែករំលែកបទពិសោធន៍ ដល់មន្រ្តីសុខាភិបាល ជាពិសេសដល់អ្នកបន្តវេនជាបន្ត ចែករំលែកក្នុងភាពជាអ្នកដឹកនាំ

*ត្រូវសហការការងារឱ្យបានល្អជាមួយស្ថាប័នពាក់ព័ន្ធ និងចេះកៀរគរធនធាន និងចេះប្រើប្រាស់ឱ្យអស់លទ្ធភាព

*ការដឹកនាំត្រូវផ្តល់ជាគំរូ ជាលំនាំ បទពិសោធន៍ ក្រមសីលធម៌ វិជ្ជាជីវៈកម្ម ដោយគោរព និងឱ្យតម្លៃលើភារកិច្ចរបស់ខ្លួន។

២) អនុសាសន៍ក្នុងការផ្តាំផ្ញើ និងលើកទឹកចិត្តជំរុញ កាន់តែទទួលបានសមិទ្ធផលល្អ ដើម្បីវឌ្ឍនភាពទៅមុខទៀតដោយ៖
*ការដឹកនាំ មិនត្រូវចេះតែគ្រប់គ្រង ត្រូវទាញមានការសហការចូលរួមពីសហភារតៈរបស់យើងទាំងអស់ ដោយផ្សារភ្ជាប់ជាមួយអង្គតែមួយ ត្រូវមានចក្ខុវិស័យច្បាស់លាស់ ធ្វើឱ្យយ៉ាងដើម្បីសុខុមាភាពប្រជាជន

*គ្រប់អ្នកដឹកនាំ ចាប់ផ្តើមភារកិច្ចថ្មី ត្រូវបន្ថែមលើប្រវត្តិថ្មី បន្ថែមប្រវត្តិការងារចាស់ ដែលជាការចងចាំ ដល់អ្នកជំនាន់ក្រោយ

*ថ្នាក់ដឹកនាំត្រូវនៅជាមួយមន្រ្តីរាជការ ដោយដើរជាមួយគ្នា កសាងជាមួយគ្នា និងទុក្ខលំបាកជាមួយគ្នា

*លើកទឹកចិត្តឱ្យនៅតែជាអង្គតែមួយ នាំមានទឹកចិត្តទៅជាមួយគ្នា ហើយជំរុញឱ្យមានការទទួលលទ្ធផលល្អប្រកបមោទនភាព

*ត្រូវចាំថា រាល់ការសម្រេចចិត្តរបស់យើង ត្រូវមានការគិតឱ្យបានម៉ាត់ច្មត់ ភាពត្រឹមត្រូវ និងឆ្លុះបញ្ចាំងឱ្យមានភាពច្បាស់លាស់។

សូមគូសរំលេចដែរ លោកវេជ្ជបណ្ឌិត តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ដែលទទួលបានការតែងតាំងថ្មីពីរាជរដ្ឋាភិបាល ទទួលមុខតំណែងបន្តពី ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី ដែលបានចូលនិវត្តន៍ និងត្រូវទទួលភារកិច្ចថ្មី ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល៕