ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ លោក Maxim Behar ប្រធានសភាពាណិជ្ជកម្មប៊ុលហ្គារី និងជាប្រធានក្រុមហ៊ុនទំនាក់ទំនងពាណិជ្ជកម្មដ៏មានឥទ្ធិពលនៅប្រទេសប៊ុលហ្គារី បានបញ្ជាក់ជំហរ ក្នុងការពាំនាំពីភាពរីកចម្រើន និងសារល្អៗពីកម្ពុជា ដល់ជូនប្រជាពលរដ្ឋប៊ុលហ្គារី ក៏ដូចជាប្រជាជននៅក្នុងតំបន់អឺរ៉ុប ឱ្យដឹងកាន់តែច្បាស់ពីស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះនៅជំនួបនេះភាគីទាំង បានជជែកសំខាន់គឺផ្តោតទៅលើការកសាងនូវកិច្ចសហប្រតិបត្តិវិស័យព័ត៌មាន រវាងប្រទេសកម្ពុជា និងប្រទេសប៊ុលហ្គារី។ ហើយគោលបំណងនៃដំណើរទស្សនកិច្ចការងារខាងលើនេះគឺដើម្បីតភ្ជាប់ និងបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសកម្ពុជា និងប៊ុលហ្គារីឱ្យបានកាន់ធំ ដ្បិតថាកន្លងមកទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតូចនៅឡើយ។
លោក Maxim Behar បានឱ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ លោកថាបន្ទាប់ពីបានធ្វើដំណើរមកប្រទេសកម្ពុជា លោកមានអារម្មណ៍សប្បាយរីករាយ ដោយបានមើលឃើញយ៉ាងច្បាស់ពីស្ថានភាពិត និងរីកចម្រើនរបស់កម្ពុជា។ ដូច្នេះ តាមរយៈដំណើរទស្សនកិច្ចនៅលើទឹកដីកម្ពុជា លោកនឹងពាំនាំនូវសារល្អៗរបស់កម្ពុជា ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋប៊ុលហ្គារី ឱ្យបានដឹងច្បាស់ពីស្ថានភាពពិតរបស់កម្ពុជា។
ជាក់ស្តែងតាមរយៈជំនួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា លោក Maxim Behar មានជំនឿថានឹងអាចកសាងនូវកិច្ចសហប្រតិបត្តិការគ្នាលើវិស័យព័ត៌មានរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសការរៀបចំនូវកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៅពេលខាងមុខផងដែរ។
ជាការឆ្លើយតបនឹងបំណងរៀបចំកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មានរវាងប៊ុលហ្គារី និងកម្ពុជា ត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថាឯកឧត្តមនឹងបន្តពិភាក្សាពិនិត្យលើលទ្ធភាព ដើម្បីស្វែងរកនូវចំណុចរួមគ្នា។ ជាពិសេសឯកឧត្តមរីករាយទទួលស្វាគមន៍វត្តមានលោក Maxim Behar ដែលបានអញ្ជើញមកទស្សនកិច្ចនៅលើទឹកដីកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិតពីប្រទេសកម្ពុជា ចេញទៅកាន់ប្រកាន់ប៊ុលហ្គារី ក៏ដូចជាបណ្តាប្រទេសនៅតំបន់អឺរ៉ុប ជាដើម។
លោក Maxim Behar បានអញ្ជើញមកបំពេញទស្សកិច្ចការងារជាផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា រយៈពេល៦ថ្ងៃ ក្នុងគោលបំណងតភ្ជាប់ និងបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ហើយវាក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រីកទីផ្សារនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបបន្ថែមផងដែរ។
គួរជម្រាបថា លោក Maxim Behar គឺជាអ្នកជំនួញជនជាតិប៊ុលហ្គារី ដែលមានដើមកំណើតជ្វីហ្វដ៏មានឥទ្ធិពល និងសក្តានុពល និងជានាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន M3 Communications Group, Inc ដែលជាក្រុមហ៊ុនទំនាក់ទំនងសាធារណៈ និងកិច្ចការសាធារណៈ, ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ និងពិភពលោក (UNWE) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាទំនាក់ទំនងពិភពលោក នៅទីក្រុង Davos ផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Maxim Behar មកកាន់កម្ពុជានេះ លោកនឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ន និងវិស័យឯកជនមួយចំនួននៅកម្ពុជា ដើម្បីស្វែងយល់ និងតភ្ជាប់ទំនាក់ទំនងរវាងគ្នាកាន់តែជិតស្និទ្ធ៕