ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះសួរសុខទុក្ខ ក៏ដូចជានាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន (ក្នុងនោះក៏មានជំនួយឧបត្តមពីអង្គការការអភិវឌ្ឍន៍កុមារកម្ពុជាផងដែរ) ជូនបងប្អូនវីរកងទ័ពដែលប្រចាំការនៅកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ស្ថិតនៅភូមិគូ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នូវការសួរសុខទុក្ខ សេចក្តីនឹករលឹក ការគិតគូរ និងការយកចិត្តទុកដាក់បំផុតចំពោះបងប្អូនវីរកងទ័ពដែលឈរជើងនៅជួរមុខ ប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុការពារជាតិទឹកដីពីការឈ្លានពាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ តែងតែយកចិត្តទុកដាក់ និងគាំទ្រលើកទឹកចិត្តដល់បងប្អូនវីរកងទ័ព តាមមធ្យោបាយផ្សេងៗដែលអាចធ្វើបាន ដោយមិនទុកឱ្យបងប្អូនកងទ័ពមានអារម្មណ៍ឯកោនោះឡើយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវមនោសញ្ចេតនាដឹងគុណ និងសូមកោតសរសើរនូវវីរភាព និងស្មារតីដ៏អង់អាចរបស់កងទ័ពជួរមុខដែលបានតស៊ូ ពលី លះបង់ ដើម្បីការពារទឹកដីកម្ពុជាពីពួកខ្មាំងសត្រូវ។ ជាក់ស្ដែងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចូលរួមជាមួយរាជរដ្ឋាភិបាល ហើយតែងតែនៅជាប់ជានិច្ចជាមួយកងទ័ពជួរមុខ ចាប់តាំងពីការចាប់ផ្ដើមនៃជម្លោះតាមបណ្ដោយព្រំដែន ដោយបងប្អូនកងទ័ពតស៊ូប្រយុទ្ធដោយប្រើសព្វាវុធ ហើយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតស៊ូតាមផ្លូវច្បាប់ប្តឹងដល់យន្តការអន្តរជាតិនិងតំបន់ អំពីការរំលោភបំពានរបស់ថៃទៅលើច្បាប់អន្តរជាតិ អនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងជំរុញឱ្យភាគីថៃគោរពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងជំរុញឱ្យមានការដោះលែងវីរកងទ័ពទាំង ១៨នាក់ ផងដែរ។ បច្ចុប្បន្ននេះ យើងក៏កំពុងតែមមាញឹកក្នុងការទប់ទល់ចំពោះការបំពងសំឡេងរំខានដល់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណ មិនត្រឹមតែអរគុណដល់វីរកងទ័ពទេ គឺអរគុណដល់ក្រុមគ្រួសារដែលបានលះបង់កូនចៅ ឪពុក ម្តាយ ពេលវេលា មកការពារទឹកដីកម្ពុជា។ លោកសូមលើកទឹកចិត្តដល់កងទ័ព បន្តព្យាយាមតស៊ូ និងជឿជាក់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែឈរនៅជាមួយយើងជានិច្ច៕