ទូតជប៉ុន និងអភិបាលរងខេត្តពោធិ៍សាត់ សម្ពោធអគារសិក្សា ១ខ្នង ៦បន្ទប់ បង្គន់អនាម័យ ៥បន្ទប់ និងកន្លែងលាងសម្អាតដៃ ១កន្លែង នៅសាលាបឋមសិក្សាគល់ទទឹង អំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការក្ដីសង្ឃឹមលូថារ៉ានកម្ពុជា


(ពោធិ៍សាត់)៖ អគារសិក្សា ១ខ្នង ៦បន្ទប់ បង្គន់អនាម័យ ៥បន្ទប់ និងកន្លែងលាងសម្អាតដៃ ១កន្លែង នៅសាលាបឋមសិក្សាគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការក្ដីសង្ឃឹមលូថារ៉ានកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានជម្រាបជូនអំពីស្ថានភាពអប់រំក្នុងស្រុកភ្នំក្រវាញ ដែលមានសាលារៀន ចំនួន៥១ ក្នុងនោះមត្តេយ្យ៣សាលា បឋមសិក្សា៤០សាលា អនុវិទ្យាល័យ៧សាលា និងវិទ្យាល័យ២សាលា គ្រូបង្រៀន៥៦០នាក់។ ដោយឡែកសាលាបឋមសិក្សាគល់ទទឹង បានកសាងឡើងនៅឆ្នាំ១៩៧៩ លុះដល់ឆ្នាំ២០០៧ ត្រូវបានដំឡើងកម្រិតសិក្សា មានឈ្មោះថាសាលាបឋមសិក្សា និងអនុវិទ្យាល័យគល់ទទឹង។ បច្ចុប្បន្នមានអគារសិក្សា២ខ្នង ស្មើ១០បន្ទប់ ធ្វើអំពីឈើ និងមានសភាពទ្រុឌទ្រោម មាន១៤បន្ទប់ សិស្សក្នុងឆ្នាំសិក្សា២០២៥-២០២៦ ចំនួន៥៧៩នាក់។

លោកស្រី ថៃ បូណេ នាយិកាអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា បានលើកឡើងថា ការសាងសង់អគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់ កន្លែងសំអាតដៃ និងបំពាក់សម្ភារបរិក្ខា ប្រយោជន៍ដល់កុមារនៅក្នុងសហគមន៍យើង មានក្តីសុបិនរួមគ្នាថា កុមារជាច្រើននាក់ មានសិទ្ធិទទួលបាននូវទីតាំងសុវត្ថិភាព ក្នុងការសិក្សា។ លើសពីនេះសង្ឃឹមថាការយកចិត្តទុកដាក់ អំពីការពង្រឹងគុណភាពអប់រំនោះ ធ្វើឱ្យអគាសិក្សាមួយនេះ កាន់តែដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឃន៍ធនធានមនុស្ស ឱ្យសម្រេចនូវសក្តានុពលពេញលេញ និងចាកចេញពីភាពក្រីក្រ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បញ្ជាក់ផងដែរថា គម្រោងសាងសង់អគារសិក្សា ១ខ្នង ៦បន្ទប់ បង្គន់អនាម័យ ៥បន្ទប់ និងកន្លែងលាងសម្ពាតដៃ ១កន្លែង នៅសាលាបឋមសិក្សាគល់ទទឹងនេះត្រូវបានសហការអនុវត្តន៍ ដោយអង្គការក្តីសង្ឃឹមលូថារ៉ានកម្ពុជា និងមូលនីធិចេឡា។ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគល់ទទឹង ក្រុមប្រឹក្សាឃុំ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុកភ្នំក្រវាញ ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) មានចំនួនទឹកប្រាក់ប្រមាណ ៩២,០០០ដុល្លារអាមេរិក។ គោលបំណងចម្បង នៃគម្រោងគឺដើម្បីរួមចំណែកលើកកម្ពស់ការទទួលបានការអប់រំ សម្រាប់កុមារនៅកម្រិតបឋមសិក្សា ប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន ដែលនាំមកនូវគុណភាពជីវភាពរស់នៅ សម្រាប់ប្រជាជនរស់ក្នុងសហគមន៍ ជាពិសេសផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគល់ទទឹង ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធិផលផ្សេងៗជាច្រើន នៅក្នុងស្រុកភ្នំក្រវាញ និយាយជារួមនិងនិយាយដោយឡែក នៅក្នុងឃុំសន្ទ្រែ ទទួលបាននូវអគារសិក្សា ១ខ្នង ស្មើនឹង៦បន្ទប់ អគារមត្តេយ្យសិក្សាមួយខ្នង មាន១បន្ទប់ កន្លែងលាងសំអាតដៃ ព្រមទាំងបានបំពាក់នូវគ្រឿងបរិក្ខាសិក្សាគ្រប់គ្រាន់ ពិតជាមានសោភ័ណភាពស្អាត និងមានស្តង់ដា សម្រាប់ការអប់រំកុមារនៅក្នុងប្រទេសកម្ពុជា ពិតជានិមិត្តរូប នៃចំណងមិត្តភាព និងសហប្រតិបត្តិការល្អ រវាងប្រជាជន រដ្ឋាភិបាលជប៉ុន និងប្រជាជន រដ្ឋាភិបាលកម្ពុជា។

លោកបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាមាគ៌ាកំណត់គោលដៅអភិវឌ្ឍន៍ ក្រោមគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងនោះវិស័យអប់រំជាអាទិភាព ក្នុងចំណោមវិស័យសំខាន់ៗជាច្រើន សម្រាប់ធ្វើការកែទម្រង់ ការអភិវឌ្ឍន៍ ធនធានមនុស្សនៅកម្ពុជា ឱ្យមានភាពល្អប្រសើរ។

ជាមួយគ្នានោះការអភិវឌ្ឃសាលារៀនឱ្យមានលក្ខណៈសមស្របជា សាលាកុមារមេត្រី និងលើកកម្ពស់គុណភាព អប់រំដោយផ្តោតសំខាន់ គឺការពង្រឹង អភិបាលកិច្ចតាមសាលារៀន កែសម្រួល និងរៀបចំកម្មវិធីសិក្សា ចំណេះដឹង វិន័យ សីលធម៌ ឥរិយាបទ សុខុមាលភាព អាហារូបត្ថម្ភ ពិនិត្យគុណភាពចំណីអាហារតាមសាលារៀន និងលើកទឹកចិត្តមាតាបិតាអាណាព្យាបាល សហគមន៍ចូលរួម ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីអប់រំ»។ តាមរយៈនេះ លោកក៏បានថ្លែងអំណរគុណ ចំពោះប្រជាជនរដ្ឋាភិបាលជប៉ុន ជាពិសេសអង្គការក្តីសង្ឃឹមលូថារ៉ានកម្ពុជា គឺជាមិត្ត និងដៃគូដ៏សំខាន់ និងជិតស្និទ្ធរបស់កម្ពុជា តែងតែផ្តល់ជំនួយដល់ប្រទេសកម្ពុជា ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន សូមឱ្យមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុនកាន់តែរឹងមាំ ស្ថិតស្ថេរជានិច្ច៕