(សៀមរាប)៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ (Meeting Record) រវាងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដឹកនាំដោយលោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) តំណាងជាន់ខ្ពស់ នៃការិយាល័យ JICA ប្រចាំកម្ពុជា ដោយមានការចូលរួមពីអ្នកពាក់ព័ន្ន។
ឯកឧត្តម ប្រាក់ សោភ័ណ រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អស់រយៈពេលជាង ៤ឆ្នាំមកហើយ លើការសិក្សារៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប និងបានជួយសិក្សាស្វែងរកនូវបញ្ហាប្រឈម ដែលកើតមានឡើងនៅក្នុងក្រុង ព្រមទាំងបានរៀបចំផែនទីបង្ហាញផ្លូវក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់ជាគំនិតជម្រើស សម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈម។ នៅក្នុងដំណាក់កាលទី១ ដែលទើបបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដោយបានអនុវត្តនូវគម្រោងសាកល្បងចំនួន ៨ គម្រោងផ្សេងទៀត ក្នុងនោះគម្រោងចំនួន ៦ បាននឹងកំពុងអនុវត្តជាគម្រោងពេញលេញ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថារាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ក៏បានអនុម័តបន្តការអនុវត្តគម្រោងទីក្រុងឆ្លាតវៃសៀមរាប សម្រាប់ដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៨ ខាងមុខនេះ។ នៅក្នុងដំណាក់កាលទី២ នៃគម្រោងទីក្រុងឆ្លាតវៃនេះ JICA ក៏នៅតែបន្តដាក់ផែនការ ក្នុងការកសាងសមត្ថភាព ដល់មន្រ្តីរាជការទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប ផងដែរ។
ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណសម្ដែងនូវការអរគុណ ចំពោះរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបន្តផ្ដល់ការគាំទ្រគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហ៊ាន ២ (Phase 2) និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជប៉ុន ដែលជានិច្ចជាកាល តែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅក្នុងខេត្តសៀមរាប។
ឯកឧត្តម ក៏បានស្នើដល់លោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) បង្កើតបន្ថែមនូវកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ឬក្រុងសៀមរាប ជាមួយបណ្តាខេត្ត ក្រុង នៃប្រទេសជប៉ុន ក្នុងការកសាងសមត្ថភាពមន្រ្តី និងការផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក លើគម្រោងទីក្រុងឆ្លាតវៃបន្តទៀត។
លោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត និងក្រុមការងារទាំងអស់របស់រដ្ឋបាលខេត្តដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ។ នៅក្នុងដំណាក់កាលទី១ យើងសម្រេចបានលទ្ធផលជាច្រើនដូចជា អភិបាលកិច្ចឌីជីថល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវេទិកាទិន្នន័យ ការកែលម្អបរិស្ថានទីក្រុង ការត្រួតពិនិត្យកន្លែងចតរថយន្តខុសច្បាប់ និងការបើកដំណើរការកិច្ចសហការរវាងស្ថាប័នសាធារណៈ និងឯកជន (SmartCityConsortium) ដើម្បីបង្កើនប្រសិទ្ធភាពការចោល សំរាមតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ។ ជាពិសេស សំណើទីក្រុងឆ្លាតវៃផ្សេងៗ ដែលដាក់ជូនដោយក្រុមហ៊ុនឯកជន អ្នកសិក្សានិងនិស្សិតនៅសម្ព័ន្ធបាននាំមកនូវទស្សនវិស័យនិងតម្លៃពិត ប្រាកដដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដោយបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការជំរុញទីក្រុងឆ្លាតវៃជាមួយនឹងវិធីសាស្ត្រផ្តោតលើប្រជាជនជាជាងវិធីសាស្រ្តផ្តោតលើបច្ចេកវិទ្យា។
លោកស្រី បានបន្តថានៅក្នុងដំណាក់កាលទី២ យើងនឹងអភិវឌ្ឍបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដែលយើងបានរៀបចំពីដេីមរហូតមកដល់បច្ចុប្បន្ន ហើយផ្លាស់ប្តូរពី «ដំណាក់កាលសាកល្បង» ទៅ «ដំណាក់កាលអនុវត្ត» នៅក្នុងតំបន់ដែលបានជ្រើសរើស។ ដំណាក់កាលទី១ ទទួលបានការកោតសរសើរខ្ពស់ពីក្រសួងមហាផ្ទៃហើយក្នុងដំណាក់កាលនេះ យើងរំពឹងថានឹងចែករំលែកការអនុវត្តន៍របស់ខ្លួនមិនត្រឹមតែជាមួយខេត្ត សៀមរាបប៉ុណ្ណោះទេ ថែមទាំងខេត្តផ្សេងៗទៀតផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ នៅក្នុងដំណាក់កាលទី២ យើងនឹងផ្តោតលើ ឧស្សាហកម្មសាធារណៈ និងសាធារណៈជនក្នុងវិស័យនីមួយៗ ដោយណែនាំបច្ចេកវិទ្យាជាឯកតោភាគី JICA នឹងការស្តាប់មតិ គោរពកម្មសិទ្ធិរបស់ប្រជាជនកម្ពុជា និងធ្វើការរួមគ្នាដើម្បីបង្កើតប្រព័ន្ធដែលពិតជាអាចប្រើប្រាស់បាន មានប្រយោជន៍ និងនិរន្តរភាព។ យើងសង្ឃឹមថាគម្រោងនេះនឹងមិនគ្រាន់តែធ្វើឱ្យប្រសើរឡើងនូវទីក្រុងនោះទេ ប៉ុន្តែនឹងនាំទៅដល់ «ការអភិវឌ្ឍន៍ទីក្រុងដែលតម្រង់ទិសនាពេលអនាគតដែលធ្វើអោយជីវិតរ ស់នៅរបស់មនុស្សកាន់តែប្រសើរឡើង» ៕