ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតហ្ស៊កហ្ស៊ីថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់បេក្ខភាពជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី (ICS-ICH) សម្រាប់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកអាណត្តិឆ្នាំ២០២៦-២០៣០ ដែលការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស។ ក្នុងន័យនេះ កម្ពុជា សូមស្នើសុំដោយស្មោះនូវការគាំទ្រដ៏មានតម្លៃពី ហ្ស៊កហ្ស៊ី សម្រាប់បេក្ខភាពរបស់កម្ពុជានេះ។ ការស្នើសុំរបស់ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Zurab Khamashuridze អគ្គរដ្ឋទូតហ្ស៊កហ្ស៊ីប្រចាំសាធារណរដ្ឋប៊ុលហ្គារី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Sofia សាធារណរដ្ឋប៊ុលហ្គារី ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតមកកាន់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Sofia និងសូមចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តមក្នុងឱកាសឯកឧត្តមទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហ្សកហ្ស៊ី ប្រចាំសាធារណរដ្ឋប៊ុលហ្គារី។ ឯកឧត្ដមបានថ្លែងថា តាមរយៈការដឹកនាំរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើននិងកាន់តែរឹងមាំថែមទៀត។
ឯកឧត្ដមឯកអគ្គរាជទូតបានលើកឡើងថា ប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះការអភិរក្ស និងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបី ដែលយើងជឿថា ការណ៍នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក ភាពចម្រុះនៃវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការគាំទ្រពីរដ្ឋាភិបាលហ្ស៊កហ្ស៊ី គឺជាការបង្ហាញដ៏មានអត្ថន័យនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការការពារកេរ្តិ៍ដំណែលវប្បធម៌របស់មនុស្សជាតិ។
ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បានអះអាងថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយហ្ស៊កហ្ស៊ីក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ តាមរយៈការបន្តកិច្ចសន្ទនា និងការផ្តួចផ្តើមគំនិតរួមគ្នា ឯកឧត្ដមឯកអគ្គរាជទូតមានទំនុកចិត្តថា យើងនឹងអាចឈានទៅដល់គោលដៅរួមរបស់យើង ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជនប្រទេសទាំងពីរកម្ពុជា និងហ្ស៊កហ្ស៊ី។
ជាមួយគ្នានេះ ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី ក៏បានរម្លឹកផងដែរថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៤ មក ទំនាក់ទំនងនៃភាពជាដៃគូរបស់យើង មានភាពល្អប្រសើរជាលំដាប់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា និងហ្ស៊កហ្ស៊ី បានបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើគោលការណ៍មិត្តភាព ការគោរព និងសេចក្តីប្រាថ្នារួមគ្នាសម្រាប់សន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្ដមឯកអគ្គរាជទូតបានសម្ដែងនូវសេចក្តីរីករាយក្រៃលែង ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ប្រទេសយើងទាំងពីរ ជាពិសេសក្នុងការពង្រឹងកិច្ចសន្ទនានយោបាយ និងការពង្រីកនូវកិច្ចសហប្រតិបត្តិការនានា។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសយើងទាំងបានក្លាយមូលដ្ឋានដ៏រឹងមាំសម្រាប់ភាពជាដៃគូ ដែលបាន និងកំពុងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនរបស់យើង ហើយវឌ្ឍនភាពនេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញមិត្តភាព ស្ថិរភាព និងវិបុលភាព។
ឯកឧត្ដមឯកអគ្គរាជទូតក៏បានបង្ហាញនូវទំនុកចិត្តថា ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ នឹងកើតមានជាបន្តបន្ទាប់លើវិស័យសក្តានុពលមួយចំនួន ដោយកម្ពុជា និងហ្ស៊កហ្ស៊ី អាចធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាវិស័យអប់រំ និងបច្ចេកវិទ្យា ជាដើម។ ទន្ទឹមនេះ តាមរយៈការជំរុញភាពជាដៃគូអាជីវកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន យើងអាចបង្កើតឱកាសថ្មីដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការយោគយល់គ្នាទៅវិញទៅមកបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក៏ស្នើសុំតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតហ្ស៊កហ្ស៊ី សូមឱ្យមានការសហការផ្លាស់ប្តូព័ត៌មានគ្នាទៅវិញទៅមក រវាងទីភ្នាក់ងារសារព័ត៌កម្ពុជា AKP ដែលជាទីភ្នាក់ងារផ្លូវការតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសារព័ត៌មានផ្លូវការរបស់ហ្ស៊កហ្ស៊ី ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះ ឯកឧត្ដមឯកអគ្គរាជទូតក៏បានស្នើសុំកិច្ចសហប្រតិបត្តិការផ្នែកវិស័យអប់រំ ដោយធ្វើការផ្លាស់ប្តូរ បទពិសោធន៍ ផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា សហការរវាងសាកលវិទ្យាល័យ និងសាកលវិទ្យាល័យ និងឱ្យមានជំនួបរវាងសភាពពាណិជ្ជកម្ម ពាណិជករ កម្ពុជា-ហ្ស៊កហ្ស៊ី ផងដែរ៕


