កិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅខេត្តសៀមរាប


នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៧នេះ មានធ្វើកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ចូលរួមផងដែរ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានសុំឲ្យអនុគណៈកម្មការ ត្រូវធ្វើការស្វែង រកនូវដៃគូរ ក្នុងការគាំទ្ររៀបចំពិធីនេះឲ្យដំណើរការទៅដោយជោគជ័យ ។ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានជម្រុញដល់មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរៀបចំកីឡាករ កីឡាការនីរបស់ខ្លួន ក្នុងការចូលរួមប្រកួត នៅថ្ងៃបុណ្យ អុំទូក ព្រមទាំងរួមគ្នាធ្វើអនាម័យសម្អាតនៅតាមដងផ្លូវផងដែរ ។

ក្នុងនោះឯកឧត្តមបណ្ឌិតសូមឲ្យអនុគណៈកម្មការទទួលផ្នែកអនាម័យ ត្រូវធ្វើជាប្រចាំនូវអនាម័យ បរិស្ថាន ក្នុងពេលបញ្ចប់ពិធី ក្នុងការប្រមូលកាកសំណល់ទាំងនេះ ដើមី្បជៀសវាងកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ។

ឯកឧត្តមបណ្ឌិតក៏មានគូសបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ នឹង មានបងប្អូនជាភ្ញៀវជាតិ អន្តរជាតិ ចូលមកកាន់ខេត្តសៀមរាប មានការកើនឡើង ដោយមាន បងប្អូនមកពីបណ្តារាជធានី ខេត្ត ក្រុងនានាចូលមកទស្សនាកម្សាន្ត ។

តាមការបញ្ជាក់របស់លោកប្រធានអនុកម្មការបច្ចេកទេសបុណ្យអុំទូកបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ មានទូក(ង)បានដាក់ពាក្យចូលរួមប្រកួតមានចំនួន ៣០ទូក ក្នុងនោះក៏មានទូកមកពីខេត្តបន្ទាយមានជ័យចូលរួមផងដែរ ៕