រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ មានប្រារព្ធពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៧-២០១៨ និងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០១៧ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យរលួស ស្ថិតនៅសង្កាត់រលួស ខណ្ឌដង្កោ ដោយមានការចូលរួមគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន៣៩២នាក់ ស្រី ១៩៤នាក់ ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
នាឱកាសនេះ លោកជំទាវបានមានប្រសាសន៍លើកឡើងពីគុណសម្បត្តិរបស់គ្រូបង្រៀន និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែលខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀនដោយមិនគិតពីការនឿយហត់ និងប្រកបដោយមនសិការខ្ពស់ធ្វើយ៉ាងអោយតែកូនសិស្សរបស់ពួកគាត់ទទួលបានចំណេះដឹង ព្រមទាំងជំនាញពិតប្រាកដ សម្រាប់ពេលអនាគត។លើសពីនេះ លោកជំទាវក៏បានឧបត្ថម្ភជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នូវថវិកា និងសម្ភារៈសិក្សាមួយចំនួនដែរ។