នារសៀលថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញដឹកនាំប្រតិភូខេត្តគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ចាប សាវ៉ាត ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មរណភាពរបស់ឧបាសិកា ចាប សាវ៉ាត គឺជាការបាត់បង់នូវម្តាយក្មេក ម្តាយ ជីដូន និងជីទួត ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ។
សូមជម្រាបជូនថា ឧបាសិកា ចាប សាវ៉ាត ម្តាយក្មេក ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានទទួលមរណភាពនៅថ្ងៃសៅរ៍ ៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៤:០៤នាទីរសៀល ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមអភិបាលខេត្តនឹងប្រតិភូទាំងអស់ក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ម៉ែន វិបុល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ចាប សាវ៉ាត បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕







































