(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញលើការចុះធ្វើអធិកាកិច្ចរោងចក្រ សហគ្រាស និងសិប្បកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការចុះអនុវត្តផ្ទាល់ដល់ទីតាំងរោងចក្រ សហគ្រាស និងសិប្បកម្ម ពិសេសក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែវិច្ចិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ ឯកឧត្តម ញឹម ខេមរា បានលើកឡើងថា «ការពង្រឹងសមត្ថភាពមន្រ្តីជំនាញគឺចាំបាច់ត្រូវតែរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំដើម្បីបំពេញនូវចំនុចខ្វះខាតលើផ្នែកច្បាប់ លិខិតបទដ្ឋានបច្ចេកទេស និងការចុះអនុវត្តផ្ទាល់ដល់ទីតាំងរោងចក្រ សហគ្រាស និងសិប្បកម្ម ពិសេសក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស»។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឱ្យមានការចុះធ្វើអធិការកិច្ចរោងចក្រ សហគ្រាស និងសិប្បកម្ម តែមួយដងក្នុងមួយឆ្នាំ ដោយតម្រូវឱ្យចុះរួមគ្នា ដើម្បីកាត់បន្ថយបន្ទុករបស់អ្នកវិនិយោគ និងសម្រួលដល់បរិយាកាសធុរកិច្ច។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការអធិកាកិច្ចរោងចក្រ សហគ្រាស និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រសួងឧស្សាហកម្ម បានចុះធ្វើអធិការកិច្ចរួមជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន សរុបចំនួន១១៩រោងចក្រ។
ការចុះធ្វើអធិការកិច្ចរួមមានគោលដៅធានាថារោងចក្រ សហគ្រាស និងសិប្បកម្ម អនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស ដោយការសម្របសម្រួលការធ្វើអធិការកិច្ចរួមក្នុងវិស័យទាំងបី គឺវិស័យឧស្សាហកម្ម ការងារ និងបរិស្ថាន៕











