មន្ត្រីជាន់ខ្ពស់អាមេរិកថា ប្រធានាធិបតី ត្រាំ ប្ដេជ្ញាបន្តបញ្ឈប់អំពើហិង្សា សង្ឃឹមថាកម្ពុជា-ថៃ អនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាព


(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ មានការប្ដេជ្ញាចិត្តក្នុងការបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងអនុវត្តយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងសន្តិភាពដើម្បីបិទបញ្ចប់ជម្លោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Washington Post។

កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកកំពុងប្រមូល ព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់ មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសជិតខាងទាំង២បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។

គួរបញ្ជាក់ថា ថៃបានប្រកាសផ្អាកទាំងអស់នូវការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងទាមទារឱ្យកម្ពុជាសូមទោសចំពោះឧបទ្ទវហេតុ ដែលទាហានថៃ៣នាក់រងរបួសដោយសារជាន់មីន អំឡុងដើរល្បាតនៅក្បែរតំបន់ព្រំដែនកម្ពុជា។ ថៃបានចោទប្រកាន់កម្ពុជាថាបានដាក់ពង្រាយមីនថ្មីៗ។ ក៏ប៉ុន្តែ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃ និងបានជំរុញឱ្យភាគីថៃចៀសវាង ការល្បាតនៅតំបន់មានមីនចាស់ៗសល់ពីសម័យសង្រ្គាម ហើយថាកម្ពុជានៅតែប្ដេជ្ញាចិត្តធ្វើការជាមួយថៃស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលា៕