ដំណឹងរីករាយ! ស្អែកនេះ ជើងហោះហើរត្រង់ពីឥណ្ឌា មកខេត្តសៀមរាប នឹងត្រូវភ្ជាប់ឡើងវិញ


(ភ្នំពេញ)៖ ជើងហោះហើរត្រង់ពីឥណ្ឌា មកកាន់ខេត្តសៀមរាប ត្រូវនឹងភ្ជាប់ដំណើរការនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ស្អែកនេះ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ជាមួយគ្រប់បណ្ដាស្ថាប័នពាក់ព័ន្ធ។

ជាមួយនឹងសមិទ្ធផលថ្មី នៃជើងហោះហើរត្រង់នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ទាំងអស់នេះ គឺកើតមានឡើងក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងយ៉ាងដូច្នេះថា «ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធ ជាមួយប្រទេសឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ»។