ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ចើញពិនិត្យមើលដំណើរការផលិតលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស


នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃបានអញ្ចើញពិនិត្យមើលដំណើរការផលិតលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេសជូនពលករកម្ពុជា នៅការិយាល័យផ្តល់ភាពស្របច្បាប់នៅផ្សារ Big C Ladphrao ទីក្រុងបាងកកនៃប្រទេសថៃ។
ក្នុងដំណើរចុះពិនិត្យនេះឯកឧត្តមបណ្ឌិតប្រធានបានសាកសួរពលករដែលមកទទួលសេវា និងបានក្តាប់នូវសំនូមពរជាក់ស្តែងរបស់បងប្អូនពលករ ដើម្បីលើកសំនូមពរនេះទៅភាគីថៃ និង កែសម្រួលនីតិវិធី ក៏ដូចជាយន្តការផ្តល់សេវាជូនបងប្អូនឲ្យកាន់តែប្រសើរថែមទៀត។
ជារួមបងប្អូនពលករបានសម្តែងនូវក្តីរីករាយចំពោះរាជរដ្ឋាភិបាល ដែលបានសហការជាមួយភាគីថៃធ្វើយុទ្ធនាការផ្តល់ភាពស្របច្បាប់ និងបញ្ជូនក្រុមការងារចល័តមកផលិតឯកសារដល់បងប្អូនពលករដោយផ្ទាល់នៅប្រទេសថៃ ដែលបានផ្តល់នូវភាពងាយស្រួល និងចំណេញពេលវេលា និងថវិកាយ៉ាងច្រើនដល់ពលករ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់មន្ត្រីមកពីគ្រប់ស្ថាប័នទាំងអស់ ដែលបានខិតខំបំពេញការងារយុទ្ធនាការនេះប្រកបដោយស្មារតីទទួលខុសត្រូវ។