អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកខ្ពស់ចំពោះបញ្ហាភូមិ ឃុំមានសុវត្ថិភាព រក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ក្រុមយុវជន ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឃុំឈើទាល និងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះ ឯកឧត្តមបានរំលឹកដល់ក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកកៀនស្វាយ ឲ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកថវិកាចែកជូនសិស្សានុសិស្សចំនួន២៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូចំនួន១៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល មកពីវិទ្យាល័យជ័វរន្ម័នទី៧ វិទ្យាល័យសិរីដីដុះ វិទ្យាល័យហ៊ុនសែនស្អាង និងក្រុមប្រឹក្សាឃុំចំនួន០៦នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល ក្រុមយុវវជនចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានអាវ០១ និងប្រជាការពារភូមិចំនួន៥៧នាក់ក្នុងម្នាក់ទទួលបានស្បែកជើង០១គូ៕