អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ


(ភ្នំពេញ)៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជាម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះ ដែលបានធ្វើឱ្យពលរដ្ឋម្នាក់ស្លាប់ និងរងរបួស៣នាក់ គឺជាការរំលោភបំពានយ៉ាងគឃ្លីនលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC)។

ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើង បើទោះជាមានសេចក្តីថ្លែងការណ៍រួម ដែល បានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចព្រម ព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអនុវត្តប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌រួមគ្នាយ៉ាង ណាក៏ដោយ។ អំពើឈ្លានពានរបស់ថៃនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការទុកចិត្តគ្នាទៅវិញទៅមក និងជាការរំលោភបំពានដោយផ្ទាល់ទៅលើយន្តការ ដែលបានបង្កើតឡើងសម្រាប់ការសន្ទនា និងកិច្ច សហប្រតិបត្តិការ។

ជាការគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ថៃបានប្រឌិតការចោទប្រកាន់មិនពិត ជាបន្តបន្ទាប់ រួមទាំងការចោទប្រកាន់ពីបញ្ហាគ្រាប់មីន និងការគំរាមកំហែងតាមព្រំដែននានា ដើម្បីជា លេសបង្ហាញពីភាពត្រឹមត្រូវនៃអាកប្បកិរិយាអរិភាពរបស់ខ្លួន។

កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលគ្មានមូលដ្ឋានអស់ទាំងនេះ។ អ្នកនាំ ពាក្យសូមសម្តែងនូវ «ការសោកស្តាយយ៉ាងខ្លាំងដែលនៅក្នុងទំនាក់ទំនងរវាងប្រទេសជិតខាង ភាគីម្ខាង ហាក់ដើរតួជាតួសម្តែងផង និងជាអាជ្ញាកណ្តាលផង ជំនួសឱ្យការគោរពគោលការណ៍សមភាព និងការ គោរពគ្នាទៅវិញទៅមក»។ ថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន ដើរតួនាទីជាចៅក្រម ជាគណៈវិនិច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការសម្រេចចិត្តថាអ្នក ណាខុស និងអ្នកណាត្រូវ ជាឯកតោភាគី ។ ភាពក្រអឺតក្រទមបែបនេះមិនសាកសមទាល់តែសោះ នៅ ក្នុងទំនាក់ទំនងអន្តរជាតិ ដែលស្ថិតនៅក្រោមគោលការណ៍ច្បាប់ កិច្ចសន្ទនា និងការគោរពគ្នាទៅវិញ ទៅមកនោះទេ។
ចាប់តាំងពីបទឈប់បាញ់គ្នាចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្ត ការអត់ធ្មត់ជាអតិបរមា ដោយបានចៀសវាងមិនធ្វើការវាយបក បើទោះជាមានការញុះញង់បង្កហេតុជា ច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ដោយគោរពយ៉ាងពេញលេញនូវគោលការណ៍សន្តិភាព និង ភាពជាអ្នកជិតខាងល្អ។ ទោះជាយ៉ាងណា កម្ពុជានឹងមិនធ្វើសម្បទានចំពោះអធិបតេយ្យភាព ឬសេចក្តី ថ្លៃថ្នូររបស់ខ្លួនជាដាច់ខាត។
ព្រឹទ្ធសភាកម្ពុជាសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃអស់ទាំងនោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់ និងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈ កិច្ចសន្ទនា និងច្បាប់អន្តរជាតិ។ ព្រឹទ្ធសភាប្រកាន់ជំហរឯកភាពជាធ្លុងមួយយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះសន្តិភាព កិច្ចសន្ទនា និងនីតិរដ្ឋ ប៉ុន្តែសូមព្រមានថា ការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវជួបប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុត ។
សន្តិភាពត្រូវតែការពារ ការពិតត្រូវតែលើកតម្កើង ហើយយុត្តិធម៌ត្រូវតែឈ្នះ៕