កម្ពុជាសម្ពោធជើងហោះហើរត្រង់ទី១ ពីប្រទេសឥណ្ឌា មកកាន់ខេត្តសៀមរាប-អង្គរ


(សៀមរាប)៖ ជើងហោះហើរត្រង់ទី១ របស់ក្រុមហ៊ុនអាកាសចរណ៍ Indigo (6E) ដែលតភ្ជាប់ពីទីក្រុង Kolkata ប្រទេសឥណ្ឌា មកកាន់ទីក្រុងសៀមរាប អង្គរ ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ពិធីសម្ពោធជើងហោះហើរត្រង់របស់អាកាសចរណ៍ Indigo នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ របស់ក្រសួងទេសចរណ៍, លោក Pieter Elbers នាយកប្រតិបត្តិក្រុមហ៊ុន IndiGo, ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន CAIC និងភ្នាក់ងារទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ បានបញ្ជាក់ថា ការហោះហើរត្រង់នេះ ជាផ្លែផ្កាថ្មីមួយទៀត ក្រោមការដឹកនាំតម្រង់ទិសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដោយគួបផ្សំជាមួយចំណងការទូតដ៏ជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។

ក្រុមហ៊ុនអាកាសចរណ៍ Indigo (6E) មានជើងហោះហើរត្រង់រវាង Kolkata (CCU) និងសៀមរាប (SAI) ចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះប្រភេទ Airbus A320neo។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6) ក៏មានជើងហោះហើររវាង ភ្នំពេញ (KTI) និងទីក្រុងNew Delhi (DEL) នៃប្រទេសឥណ្ឌា ចំនួន ២ ជើងក្នងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ និងសៅរ៍។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា កន្លងមកក្រុមហ៊ុនអាកាសចរណ៍ឈានមុខរបស់ប្រទេសឥណ្ឌា Indigo នេះ ត្រៀមនឹងបើកការហោះហើរត្រង់ពីទីក្រុងញូវដេលី មកសៀមរាប និងពីទីកុ្រងប៉ុមបៃ មកសៀមរាប ចំនួន ២ លើក តែដោយសារកត្តាស្ថានភាពសេដ្ឋកិច្ចសកល ទីផ្សារហោះហើររវាងកម្ពុជា-ឥណ្ឌា ហាក់មិនទាន់ល្អប្រសើរនោះ ដោយសប្តាហ៍ខ្លះមានការហោះហើរចំនួន ៤ជើង ខ្លះទៀតចុះមកនៅត្រឹម ៣ជើង ឬ ២ជើងប៉ុណ្ណោះ ទើបធ្វើឱ្យការបើកការហោះហើរត្រង់ត្រូវពន្យារពេល។

ផ្លូវហោះហើរថ្មីនេះ មិនត្រឹមតែបង្កើនការតភ្ជាប់អន្តរជាតិនៅក្រុង Kolkata ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការតភ្ជាប់ងាយស្រួលពីតំបន់ផ្សេងៗនៃប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុង Kolkata និងសៀមរាប ជាទិសដៅទេសចរណ៍អន្តរជាតិក្រៅប្រទេសទី៧ ផ្លូវហោះហើរត្រង់នេះ គឺសមស្របយ៉ាងល្អសម្រាប់ការតភ្ជាប់ រួមជាមួយតម្រូវការដំណើរកំសាន្តកើនឡើងរវាងប្រទេសទាំងពីរ ការធ្វើទិដ្ឋាការមានភាពងាយស្រួល និងពាណិជ្ជកម្មកំពុងរីកចម្រើន។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា «យើងមានទំនុកចិត្តថាសេវាហោះហើរថ្មីនេះ នឹងជួយលើកកម្ពស់ វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃកម្ពុជាឱ្យកាន់តែទូលាយ ពង្រឹងនូវចំណងការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធ បង្កើតលំហូរចូលដល់សេដ្ឋកិច្ចបេតិកភណ្ឌរបស់ខេត្តសៀមរាប ក្រោមក្របខណ្ឌដឹកជញ្ជូនផ្លូវអាកាសអាស៊ាន-ឥណ្ឌាកាន់តែទូលំទូលាយ និងការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីពង្រីកច្រកផ្លូវក្នុងតំបន់ និងជំរុញលំហូរទេសចរណ៍ ពាណិជ្ជកម្ម និងការធ្វើដំណើរក្នុងប្រទេស»