លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឱកាសខួបចម្រើនជន្មាយុ


(ភ្នំពេញ)៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ (សាធារណការ និងដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់) នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្ដែងនូវការអបអរសារទរ និងទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គលមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូណ៌ និងជន្មាយុយឺនយូរតរៀងទៅ។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងដោយយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រកបដោយមនសិការស្នេហាជាតិ និងឆន្ទៈខ្ពស់ ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា និងការថែរក្សាការពារផលប្រយោជន៍ដ៏ឧត្តុងឧត្តមជាតិដ៏មោះមុត និងច្បាស់លាស់ លើឆាកអន្តរជាតិ។ គំរូវីរភាពរបស់សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងការរួមគ្នាស្ថាបនា សាមគ្គីភាព ឯកភាពជាតិ សំដៅនាំមកនូវសន្តិភាព ភាពរីកចម្រើន និងសុភមង្គលជូនប្រជាជនកម្ពុជា ពិតជាដក់ជាប់នៅក្នុងចិត្តយើងខ្ញុំទាំងអស់គ្នា។

យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយ ថែរក្សាអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕