កម្ពុជា-អូទ្រីស ជួបពិភាក្សាពីលទ្ធភាព បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ


នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលារបស់ឯកឧត្តម Wihelm Maximilian Donko ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។

លោកជំទាវរដ្ឋមន្ត្រីស្តីទី បានអរគុណឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីស ដែលបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-អូទ្រីស និងបានអរគុណការគាំទ្ររបស់អូទ្រីសចំពោះកម្ពុជាលើផ្នែកដោះមីន និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកជំទាវបានផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត អំពីមធ្យោបាយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូទ្រីសបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ភាគីទាំងពីរ បានលើកពីលទ្ធភាព បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្ដមឯកអគ្គរដ្ឋទូតអូទ្រីស បានកត់សម្គាល់ដោយកោតសរសើរអំពីការរីកចម្រើនរបស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកជំទាវរដ្ឋមន្ត្រីស្តីទី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានកាណ៏នៅព្រំដែនកម្ពុជា-ថៃ ជាពិសេសទាក់ទងនឹងការអនុវត្តសេចក្ដីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ ។