(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្រោយទទួលបាននូវសារលិខិតជូនពររបស់ សម្តេចអគ្គមហាពញាចក្រី ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសនៃពិធីចម្រើនជន្មាយុដែលឈានចូលមកដល់ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងសារលិខិតថ្លែងអំណរគុណរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានខ្លឹមសារទាំងស្រុងដូចនេះថា៖
នាងខ្ញុំពិតជាមានបីតិសោមនស្សរីករាយឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពររបស់ សម្តេច អគ្គមហាពញាចក្រី ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរ ជ័យដល់រូបនាងខ្ញុំ នាឱកាសនៃពិធីចម្រើនជន្មាយុរបស់នាងខ្ញុំ នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សូមឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ នាងខ្ញុំសូមថ្លែងនូវអំណរគុណជាអនេកប្បការចំពោះ សន្តានចិត្តដ៏ប្រពៃ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ដែលតែងតែលើកទឹកចិត្ត និងគាំទ្រដល់ភាពជាអ្នកដឹកនាំរបស់នាងខ្ញុំ។ ពាក្យពេចន៍ជូនពរដ៏ល្អប្រពៃរបស់ សម្តេចអគ្គមហាពញាចក្រី គឺ ពិតជាការផ្តល់នូវមហាកិត្តិយស និងការលើកកម្ពស់គុណតម្លៃស្ត្រី និងតួនាទីស្ត្រីក្នុងសង្គមជាតិ ដែលជំរុញ លើកទឹកចិត្តដល់ស្ត្រីគ្រប់រូប ក៏ដូចជារូបនាងខ្ញុំផ្ទាល់ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រដឹកនាំ ស្ថាប័នរដ្ឋសភាឱ្យសម្រេចបាននូវការលើកកម្ពស់នីតិរដ្ឋ ការពង្រឹងតួនាទីសភា និងការទូតសភា ដើម្បីនាំមកនូវ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ វិបុលភាព និងភាពសម្បូរ រុងរឿងជូនសង្គមជាតិប្រកបដោយកិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងអន្តរជាតិ ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។
ជាថ្មីម្តងទៀត នាងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារជាទី ស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាពញាចក្រី ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មេត្តាទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ៕


