(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូនលោកជំទាវ ម៉ារីយ៉ា ហ្វឺណាន់ដា ឡាយ (Maria Fernanda Lay) ប្រធានសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ព្រមទាំងសហការី និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសជាប្រវត្តិសាស្ត្រ នៃការប្រារព្ធខួបលើកទី៥០ នៃទិវាប្រកាសឯករាជ្យ។
ខាងក្រោមនេះជា ខ្លឹមសារទាំងស្រុងនៃសារលិខិតអបអរសាទររបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖
តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ លោកជំទាវប្រធាន សហការី និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាស ជាប្រវត្តិសាស្ត្រ នៃការប្រារព្ធខួបលើកទី៥០ នៃទិវាប្រកាសឯករាជ្យ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាង ស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសទាំងពីរ កម្ពុជា-ទីម័រឡេស្តេ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមថែមទៀត នាពេលអនាគត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជនយើងទាំងពីរ។
រដ្ឋសភាកម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវប្រធាន និង សមាជិកសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងអន្តរសភា បន្ថែមទៀត ទាំងក្នុងក្របខណ្ឌរទ្វេភាគី និងពហុភាគី ដើម្បីឆ្ពោះទៅសម្រេចបាននូវសន្តិភាព ស្ថិរភាព និង វិបុលភាពយូរអង្វែងនៅក្នុងតំបន់ និងពិភពលោក។
សូម លោកជំទាវប្រធាន មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូនពរ លោកស្រីប្រធាន ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមជូនពរដល់ប្រជាជន នៃ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បន្តទទួលបាននូវវឌ្ឍនភាព និងវិបុលភាពជានិច្ចនិរន្តរ៍៕


