ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ


នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើភូមិសាស្ត្រក្រុងពោធិ៍សាត់ ជាពិសេសនៅចំណុចរសើបចំនួនពីរ គឺតំបន់ ព្រៃញី និង ក្បាលហុង។​យោងតាមប្រភពព័ត៌មានពីមូលដ្ឋាន បានឱ្យដឹងថា ការកើនឡើងនៃកម្ពស់ទឹកយ៉ាងគំហុកនេះ គឺបណ្តាលមកពីក្បាលស្ទឹងសំខាន់ៗទាំងបីនៅប៉ែកខាងលើ បានបុកសម្រុកហូរធ្លាក់មកព្រមគ្នាយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យលំហូរទឹកនៅផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់មិនអាចរំដោះបានទាន់ពេលវេលា។ ​

អាជ្ញាធរខេត្ត និងក្រុងពោធិ៍សាត់ បាននឹងកំពុងចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានដាក់ពង្រាយកម្លាំងដើម្បីជួយទប់ទឹកនៅតំបន់ ដែលប្រឈមការបាក់ច្រាំង ឬទឹកហៀរ និងជាពិសេសគឺការផ្តល់អាទិភាពខ្ពស់បំផុតក្នុងការ ជម្លៀសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមគ្រោះថ្នាក់ខ្លាំង ទៅកាន់ទីទួលសុវត្ថិភាព។

​ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅដ្ឋានរស់នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់ សូមមេត្តាបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សូមបងប្អូនត្រៀមលក្ខណៈរៀបចំទុកដាក់សម្ភារៈមានតម្លៃ និងឯកសារសំខាន់ៗនៅទីខ្ពស់ ហើយត្រូវតាមដានព័ត៌មានជាប្រចាំពីអាជ្ញាធរ ដើម្បីត្រៀមខ្លួនជម្លៀសប្រសិនបើស្ថានភាពតម្រូវ។

តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្ត គិតមកត្រឹមព្រឹកនេះ ក្រុមការងារសង្គ្រោះ និងកងកម្លាំងចម្រុះ កំពុងបន្តឈរជើង និងតាមដានស្ថានភាពទឹកយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕