ថ្នាក់ដឹកនាំរដ្ឋសភា៖ សិទ្ធិស្មើភាពរវាងបុរស និងស្ត្រី ដែលមានការរីកចម្រើននៅកម្ពុជា កើតឡើងដោយមានលក្ខខ័ណ្ឌចម្បងៗចំនួន៥


លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានបណ្ដាញស្ត្រីសភា នៃក្រុមសភាជាតិកម្ពុជាAPF នៅវេលាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើកនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ ក្រោមប្រធានបទ នៅមជ្ឈមណ្ឌលសន្និបាតគីហ្កាលី (Kigali Convention Center) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្កាលី សាធារណរដ្ឋរវ៉ាន់ដា ក្រោមប្រធានបទ «៣០ឆ្នាំ ក្រោយសន្និសីទទីក្រុងប៉េកាំង៖ ការចូលរួមរបស់ស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំង»។

ក្នុងឱកាសនោះដែរ លោកជំទាវបានអញ្ជើញចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍អំពីសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រី នៅកម្ពុជា ក្នុងសន្និសីទស្ដីពីតួនាទីស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំង ដែលរៀបចំឡើងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦។

លោកជំទាវបានជម្រាបជូនអង្គពិធីទាំងមូលអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យស្ត្រីចូលរួមក្នុងវិស័យនយោបាយ ជាពិសេស ការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ។

លោកជំទាវ បានបញ្ជាក់យ៉ាងច្បាស់ថា សិទ្ធិស្មើភាពរវាងបុរសនិងស្ត្រី ដែលមានការរីកចម្រើនគួរជាទីមោទនៈនៅកម្ពុជា កើតឡើងបានអាស្រ័យដោយមានដោយលក្ខខ័ណ្ឌចម្បងៗចំនួន៥ ដូចជា ១.ឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំកំពូល ២.យន្តការស្ថាប័នច្បាស់លាស់ដើម្បីធានាការសម្របសម្រួលនិងអនុវត្តគោលនយោបាយដើម្បីយេនឌ័រ ៣.ការផ្លាស់ប្ដូរផ្នត់គំនិតសង្គម ៤.ភាពជឿទុកចិត្តលើខ្លួនឯងរបស់ស្ត្រី ៥.ការគាំទ្រពីគ្រួសារ សហគមន៍ និងការគាំទ្រពីបុរសគ្រប់រូប។ ប៉ុន្តែលក្ខខ័ណ្ឌទាំងនេះ មិនអាចចេញជារូបរាងបានទេ ប្រសិនបើ គ្មានសន្តិភាព គ្មានការរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា នៅគ្រប់ប្រទេសទាំងអស់៕