ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំអមដំណើរជាច្រើនទៀត នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីអាហារសាមគ្គីសម្រាប់កុមារពីការភ្នែក គ ថ្លង់ និងកុមារកំព្រា ចំនួន១៩៥នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ស្ថិតក្នុងឱកាសសំណេះសំណាលនោះឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរថ្នាក់ដឹកនាំវិទ្យាល័យអប់រំពិសេស ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ រៀបចំគ្រប់គ្រងដល់ក្មួយៗ ដែលជាជនពិការ និងកុមារកំព្រា ទាំងការស្នាក់អាស្រ័យ និងសិក្សារៀនសូត្រនៅទីនេះ បានល្អប្រសើរ។
អភិបាលខេត្ត សូមលើកទឹកចិត្តឱ្យមានការបន្តនូវការចូលរួមចំណែកការងារមនុស្សធម៌នេះ តទៅមុខទៀតដើម្បីជាប្រយោជន៍ដល់សង្គមជាតិយើងទាំងមូល។ ព្រោះថាក្មួយៗជាជនរងគ្រោះ បានមានពិការភាពតាំងពីកំណើតមក ដូច្នេះយើងមិនគួរទុកចោល ឬមានការរើសអើងនោះទេ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានគិតគូរខ្លាំងណាស់ទៅលើសុខមាលភាព ជាពិសេសគឺក្មួយៗដែលជា ជនរងគ្រោះនេះ តែម្ដង ដែលតម្រូវឱ្យស្ថាប័នក្រសួងជំនាញ បន្តយកចិត្តទុកដាក់ ក្នុងការថែរក្សា និងការបណ្ដុះបណ្ដាល និងឱ្យមានការចូលរួមពីសប្បុរសជន និងអង្គការដៃគូនានា ដើម្បីជួយដល់ក្មួយៗទាំងអស់គ្នា។
ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា សម័យនេះក្មួយៗ ដែលមានពិការភាព ពិតជាមានសំណាង ដែលរាជរដ្ឋាភិបាល នៅតែបន្តជំរុញឲ្យមានសាលារៀន និងផ្ដល់ឱកាសឱ្យក្មួយៗ អាចបំពេញការងារបាន។
ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការត្រេកអរ ដោយឃើញក្មួយៗ ដែលមានពីការភាពបានសិក្សារហូតដល់មហាវិទ្យាល័យ និងបានធ្វើការជាមន្ត្រីរាជការតាមស្ថាប័នរដ្ឋមួយចំនួនផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ សូមបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឱ្យខួរក្បាលភ្លឺថ្លា សិក្សាឆាប់ចេះឆាប់ចាំ ទទួលចំណេះដឹងខ្ពង់ខ្ពស់សម្រាប់កែប្រែជីវិតរបស់ខ្លួននាថ្ងៃអនាគត៕










