រដ្ឋមន្ត្រីបរិស្ថាន៖ គម្រោងសំខាន់ៗចំនួន៦ ត្រូវបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍនាកិច្ចប្រជុំ COP30 នៅប្រេស៊ីល


(កណ្តាល)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានគូសបញ្ជាក់ថា គម្រោងសំខាន់ៗចំនួន៦ ត្រូវបានទទួលការគាំទ្រពីអង្គការសហប្រជា ជាតិ និងដៃគូអភិវឌ្ឍធ្វើឱ្យប្រសើរឡើងនូវភាពស្អាត ភាពបៃតង កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចិរភាព។

ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញនិវត្តន៍ប្រកបដោយសុវត្ដិភាព រសៀលថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Belem ប្រទេសប្រេស៊ីល ប្រកបដោយលទ្ធផលជាផ្លែផ្កា។

 

ថ្លែងនាសន្និសីទសារព័ត៌មាន នាអាកាសយានដ្ឋានអន្តរជាតិតេជោ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងសំខាន់ៗចំនួន៦ ត្រូវបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍធ្វើឱ្យប្រសើរឡើងនូវភាពស្អាត ភាពបៃតង កាត់បន្ថយការប្រែ ប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចិរភាព។

 

គម្រោងទាំង៦ ដែលទទូលបានការគាំទ្រនោះគឺ៖

 

១. កម្មវិធីចីរភាពបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងមច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធន់ការប្រែប្រួលអាកាសធាតុ

 

២. គម្រោងរៀបចំកោះស្រឡៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង ឱ្យក្លាយជាកោះអព្យាក្រិតកាបូន និងជាកោះដែលល្អជាងគេបំផុតនៅអាស៊ី

 

៣. គម្រោងអភិរក្សពូជក្តាមតំបន់ឆ្នេរក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង

 

៤. គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនសហគមន៍មានការអភិវឌ្ឍជីវភាពឱ្យកាន់តែប្រសើរ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

 

៥. គម្រោងអភិវឌ្ឍន៏តំបន់ទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រែក្លាយឱ្យសហគមន៍ជាសហគមន៍អព្យាក្រឹតកាបូន និងផ្តល់ប្រយោជន៏ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានទទួលប្រយោជន៍ពីគម្រោងសម្រាប់ការបង្កើនជីវភាពកាន់តែប្រសើរ។

 

៦. កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ក្នុងទឹកប្រាក់ប្រមាណ ៤លានដុល្លារ សម្រាប់ការកាត់បន្ថយការសាយភាយកាបូនខ្មៅ ចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។

 

សូមបញ្ជាក់ថា ក្នុងឱកាសនៃសន្និសីទ COP30 លោករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗចំនួន១១ និងបានឡើងថ្លែងសន្ទរកថាគន្លឹះតំណាងឱ្យប្រទេសកម្ពុជា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី សម្រាប់ភាពជាដៃគូកិច្ចដឹកនាំសម្រាប់វិស័យព្រៃឈើ និងអាកាសធាតុ រួមទាំងការចែករំលែក និងបង្ហាញពីដំណើរការរបស់កម្ពុជា រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈផែនការរួម ចំណែកជាតិ NDC3.0 ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងបានបន្តវេនដឹកនាំប្រកបដោយស្វាហាប់ និងវាងវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ជូនយ៉ាងជោគជ័យ ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

 

ការដាក់ជូននូវផែនការជាតិនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងដើម្បីសម្រេចគោលបំណងនៃកិច្ចព្រម ព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាស ធាតុ។ កម្ពុជាបានគូសបញ្ជាក់អំពីការពង្រឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈវិស័យអាទិភាព ចំនួន៥ គឺវិស័យឧស្សាហកម្ម ថាមពល កសិកម្ម ព្រៃឈើ និងសំណល់ ក្នុងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% នៅឆ្នាំ ២០៣៥។

 

ក្រៅពីការចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងឱកាសស្នាក់នៅនិងអញ្ជើញចូលរួមក្នុងសន្និសីទ COP30 ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួន បណ្តាដៃគូសហការ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមចំណែកជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងកិច្ចការការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត៕