(ពោធិ៍សាត់)៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» រៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា អភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីប្រតិបត្តិសាខា និងយុវជនជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានអេដស៍ខេត្ត បានលើកឡើងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់មានគ្លីនិកផ្តល់សេវា ថែទាំ៣កន្លែង សេវាធ្វើតេស្តឈាមនៅតាមមណ្ឌលសុខភាព៤០កន្លែង គ្លីនិកសុខភាពគ្រួសារ០៤កន្លែង អ្នកផ្ទុកមេរោគអេដស៍ ចំនួន១៥៧៤នាក់ ស្រី៧៧០នាក់ ក្នុងនោះកុមារ១២នាក់ ។ លោករំពឹងថា ដើម្បីអនុវត្តយុទ្ធសាស្ត្របង្ការថែទាំ និងព្យាបាលទទួលបានជោគជ័យជាស្ថាពរ ក្នុងការលុបបំបាត់ការឆ្លងមេរោគថ្មី ឱ្យនៅកម្រិតជាអតិបរិមា ឈានទៅសម្រេចបាននូវគោលដៅសូន្យបី និង៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ទោះជាយ៉ាងណាយើងត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះថាបច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជំងឺអេដស៍ ឱ្យជាសះស្បើយបាននោះទេ ករណីឆ្លងក៏នៅកើតមានជាបន្តបន្ទាប់ ដូច្នេះត្រូវនៅឱ្យឆ្ងាយ និងនិយាយថាទេគ្រឿងញៀន កុំឱ្យឆ្លងប្រើស្រោមអនាម័យ និងពិនិត្យឈាម ព្រមទាំងឈានទៅបញ្ចប់អេដស៍ នៅឆ្នាំ២០២៣-២០៣០។
ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានជួបសំណេះសំណាល និងបានអាននូវសារលិខិតទាំងស្រុង របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ជាតិ លើកទី៣២ និងថ្នាក់អន្តរជាតិ លើកទី៣៧ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»។
ឯកឧត្តមបន្តថា ទិវាដ៏មានសារៈសំខាន់ ដែលបានប្រារព្ធធ្វើ នាពេលនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់ភាពមិនរើសអើង និងសិទ្ធិរស់នៅស្មើមុខស្មើមាត់ក្នុងសង្គម និងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឱ្យបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០៣០។
ឯកឧត្តមបានថ្លែងទៀតថា បច្ចុប្បន្នកម្ពុជា សម្រេចបាននូវគោលដៅសកលចំនួន២គឺ៖ ទី១-អ្នកដែលដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ចំនួន១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងទី២-អ្នកដែលបានព្យាបាលដោយឱសថមានប្រសិទ្ធិភាពគឺ៩៨% ។
កាកបាទក្រហមកម្ពុជាដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌បានផ្តោតសំខាន់ និងកំណត់ការងារជាអាទិភាព ចំនួន៤ជាចម្បងគឺ៖ ទី១-ពង្រឹងភាពជាអ្នកដឹកនាំ និងភាពធន់ចូលរួមជាចរន្តជាតិតែមួយ ឈានឆ្ពោះទៅបញ្ចប់អេដស៍ ទី២-បន្តអប់រំលើកកម្ពស់ និងបង្កើនការយល់ដឹង ពីការបង្ការការចម្លង នៅតាមគ្រឹះស្ថាន សហគមន៍មូលដ្ឋានពិសេសក្នុងចំណោមយុវវ័យ ទី៣-ផ្តល់សេវាគាំទ្រសង្គមជួយជនរងគ្រោះ និងទី៤-បន្តធ្វើជាគម្រូនៅក្នុងសង្គមជាតិ រក្សាបរិយាកាស និងលុបបំបាត់ទាំងស្រុងនូវរាល់ទម្រង់រើសអើងនិងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍ ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ឱ្យជនរួមជាតិចូលរួមក្នុងចរន្តជាតិតែមួយ ឈានឆ្ពោះទៅរកបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់នៅឆ្នាំ២០២៣-២០៣០។
តាមរយៈនេះ ឯកឧត្តមបានអំពាវនាវដល់វិស័យឯកជន អង្គការជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងយុវជនចូលរួមជាកម្លាំងសាមគ្គីទប់ស្កាត់ជំងឺឆ្លងនានា បង្ការខ្លួន គ្រួសារ សហគមន៍កុំឱ្យមានឆ្លងមេរោគអេដស៍ និងត្រូវស្វែងរកទីប្រឹក្សាសេវាថែទាំ និងព្យាបាល ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ ឱ្យបានយ៉ាងតិច៤ដង និងទៀងទាត់។ ជាមួយគ្នានោះ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការធានាទាំងប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព ពង្រឹងយន្តការនៃការគ្រប់គ្រងធនធានមនុស្ស ទទួលខុសត្រូវតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។ ត្រូវចូលរួមទប់ស្កាត់ គឺរួមគ្នាអនុវត្តវិធីសាស្ត្រមិត្តអប់រំមិត្ត ចាកឆ្ងាយពីគ្រឿងញៀន ខិតខំថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភប្រើថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ មិនត្រូវរើសអើងចំពោះអ្នកផ្ទុក និងសូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមស្ត្រីបម្រើសេវានៅតាមគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យត្រូវអនុវត្តវិធានការបង្ការការចម្លងឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គម ព្រមទាំងបានចែកជូនអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្ត ដល់អ្នកចូលរួមចំនួន១០៥នាក់ ក្នុងម្នាក់ៗអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកា៥ម៉ឺនរៀល នាពេលនោះផងដែរ៕































