(បន្ទាយមានជ័យ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ «ឧត្តមភាព បច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន» នៅខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យ សាស្ត្រាចារ្យ និស្សិតជាច្រើននាក់។
លោក ជា សឿន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិមានជ័យ បានថ្លែងថា សាកលវិទ្យាល័យជាតិមានជ័យ បានបើកកិច្ចប្រជុំសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ ស្តីពីកសិកម្ម និងការអភិវឌ្ឍជនបទ ក្រោមប្រធានបទ ដ៏សំខាន់គឺឧត្តមភាព បច្ចេកវិទ្យាកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលធ្វើឱ្យមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ និងអ្នកស្រាវជ្រាវខាងវិស័យកសិកម្ម បានទទួលការណែនាំ ព្រមទាំងអនុសាសន៍ដ៏ថ្លៃថ្លារបស់លោកបណ្ឌិតសភាចារ្យសម្រាប់យកទៅអនុវត្តនៅ ឆ្នាំនៅបណ្តាឆ្នាំខាងមុខទៀតឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ។
លោក ជា សឿន បានបន្តថា បច្ចុប្បន្នការអភិវឌ្ឍបច្ចេកវិទ្យាមានសារៈសំខាន់ណាស់ នៅគ្រប់វិស័យទាំងអស់ហើយសន្និសីទនេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ការសិក្សាស្រាវជ្រាវ កិច្ចសហការប្រកបដោយការច្នៃប្រឌិត ដែលមានគោលបំណងលើកកម្ពស់ផ្នែកឧស្សាហកម្ម កសិកម្ម និងបច្ចេកវិទ្យាឱ្យមានការរីកចម្រើន ដើម្បីជួយដល់ការប្រកបរបររបស់សហគមន៍ ជាពិសេស ជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ច របស់ប្រជាជនទូទាំងប្រទេសផងដែរ។
ការរៀបចំសន្និសីទនេះដើម្បីឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមសម្រាប់អនាគត ដោយផ្តោតទៅលើការស្រាវជ្រាវ ការអប់រំ និងកិច្ចសហការ ក្នុងការច្នៃប្រឌិត និងជំនាញចម្រុះ។ ត្រូវស្វែងយល់ពីឧបករណ៍ឌីជីថល ការធ្វើកសិកម្មឆ្លាតវៃ និងការអនុវត្តប្រកបដោយនិរន្តរភាព ដែលអាចផ្លាស់ប្តូរជីវភាពរស់នៅ និងការពារបរិស្ថានឱ្យបានគង់វង្សផងដែរ។ កសិកម្មមិនមែនគ្រាន់តែជាសសរស្ដម្ភសេដ្ឋកិច្ចទេ វាជាបេះដូងនៃសហគមន៍ជនបទរបស់យើងផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះសន្និសីទ វិទ្យាសាស្ត្រថ្នាក់ជាតិលើក៩ និងសូមថ្លែងអំណរគុណដល់ស្ថាប័នទាំងអស់ដែលបានបម្រើជាមជ្ឈមណ្ឌលសម្រាប់ការសន្ទនា ចែករំលែកនូវការរកឃើញ និងការអភិវឌ្ឍ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា បើគ្មានការជួយជ្រោមជ្រែងពីគ្រឹះស្ថាន វិទ្យាស្ថាន និងដៃគូទាំងអស់ទេ សន្និសីទនេះមិនអាចដំណើរការបានឡើយ និងសូមថ្លែងអំណរគុណចំពោះអ្នកចូលរួម វាគ្មិន និងអ្នករួមវិភាគទាន បានលះបង់ពេលវេលា ដែលបានធ្វើឱ្យសន្និសីទនេះទទួលបានជោគជ័យយ៉ាងខ្លាំងការយល់ដឹងដ៏មានតម្លៃ និងស្មារតីសហការគា្ន គឺដែលជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យហើយសង្ឃឹមថាការពិភាក្សា និងការចែករំលែកនូវការរកឃើញថ្មីៗ នៅទីនេះនឹងជំរុញការស្រាវជ្រាវ និងសកម្មភាពបន្ថែមទៀតកិច្ចខិតខំប្រឹងប្រែងក្នុងការសហការចូលរួមរៀបចំសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិនេះ៕












