ក្រុមការងារអភិវឌ្ឍវិស័យឯកជនរៀបចំកិច្ចប្រជុំពិនិត្យលើការស្នើសុំការលើកទឹកចិត្ត សម្រាប់ការងារសាងសង់អគារដ្ឋបាលខេត្តព្រះសីហនុ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិនិត្យលើការស្នើសុំការលើកទឹកចិត្ត សម្រាប់ការងារសាងសង់អគារដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាង អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ។

បើតាមការបញ្ជាក់របស់ក្រុមការងារអភិវឌ្ឍវិស័យឯកជន កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើខ្លឹមសារនៃកិច្ចសន្យាសាងសង់អគាររដ្ឋបាលខេត្តព្រះសីហនុថ្មី និងការស្នើសុំលើកលែងពន្ធអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងអំពីសារសំខាន់នៃ “យន្តការច្រកចេញចូលតែមួយ” ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមសម្រេចរួមគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីផ្តល់ការសម្របសម្រួល និង ពន្លឿននីតិវិធីចាំបាច់ ជាអតិបរមា ដោយយោងតាមច្បាប់ជាធរមាន ក្នុងទិសដៅដើម្បីធានាបាននូវ ប្រសិទ្ធភាព សង្គតិភាព និងតម្លាភាពនៃការអនុវត្តនីតិវិធី ដែលរួមបញ្ចូលជាមួយគ្នានូវការចាត់ចែងប្រភពថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ៕ ដោយ AKP ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)