ឯកឧត្តម ហ៊ុន ម៉ាណែត ចេញមកប្រកាសភ្នាល់ជាមួយបុគ្គល ម៉ែន ណាត ដែលចោទលោកមានលុយលាក់២០០លានដុល្លារ និងចូលរួមដេញថ្លៃទិញអគារតម្លៃរាប់លានដុល្លារ នៅបារាំង,


(ភ្នំពេញ)​​​៖ ឯកឧត្តម ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានចេញមកប្រកាសភ្នាល់ជាមួយបុគ្គល ម៉ែន ណាត និងក្រុមរបស់គាត់ដែលបានចោទឯកឧត្តមថា មានលុយលាក់២០០លានដុល្លារ នៅធនាគារមួយឈ្មោះ BNP និងកំពុងចូលរួមដេញថ្លៃទិញអគារទីស្នាក់ការបក្ស Le Parti Socialiste នៅប្រទេសបារាំង ដែលហ៊ានដេញថ្លៃរហូតដល់៥៨លានអឺរូ។

ចំពោះការវាយប្រហារដោយគ្មានមូលដ្ឋាន របស់បុគ្គលដែលកំពុងជ្រោកកោននៅបរទេសខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកសុខចិត្តឈប់ប្រឡូកនយោបាយតទៅទៀត បើសិនបុគ្គលរូបនេះ មានឯកសារដែលបញ្ជាក់ថា ឯកឧត្តមពិតជាមានប្រាក់ និងកំពុងដេញថ្លៃអគារ ដូចដែលលោកចោទប្រកាន់មែននោះ។

ដើម្បីឲ្យការភ្នាល់នេះកាន់តែលឿន និងបង្ហាញដល់សាធារណៈមតិ ឲ្យច្បាស់ប្រាកដនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ហ៊ានប្រកាសថា ឯកសារទាំងនោះ អាចស្នើសុំទៅស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំឲ្យធនាគារ BNP ឬអ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបានថា ជាឯកសារពិត ឬមិនពិតទៀតផងដែរ។

នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដែលទើបចេញផ្សាយនាប៉ុន្មាននាទីមុននេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអះអាងដូចខាងក្រោមនេះ៖

តើលោក ម៉ែន ណាត ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

ថ្មីៗនេះលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហានក្នុងការបញ្ចេញព័ត៌មាននានា បានបង្ហោះព័ត៌មានមួយដែលចោទថា ខ្ញុំមានលាក់លុយ២០០លាន ដុល្លារនៅធនាគារមួយឈ្មោះ BNP នៅប្រទេសបារាំង និងបានកំពុងដេញថ្លៃទិញអគារទីស្នាក់ការបក្ស Le Parti Socialiste ដែលគាត់ចោទថាខ្ញុំ ហ៊ានដេញថ្លៃដល់ជាង៥៨លានអឺរ៉ូឯណោះផងដែរ។ នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់បានប្រឌិតឡើង ក្នុងចេតនាមួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដើម្បីកេងចំណេញនយោបាយ។

ក្នុងនាមជាកូនប្រុស ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទេ។ ខ្ញុំចង់ភ្នាល់តែម្តងជាមួយលោក ម៉ែន ណាត ដែលបានចោទថា ខ្ញុំមានលុយរាប់លានដុល្លាទុកនៅធនាគារបារាំង ហើយនិងកំពុងចូលរួមដេញថ្លៃអគារ ក្នុងតម្លៃរាប់លានអឺរ៉ូនោះ។

ការភ្នាល់នោះគឺ៖ ខ្ញុំផ្តល់រយៈពេល២សប្តាហ៍ឲ្យលោក ម៉ែន ណាត បង្ហាញឯកសារជាភស្តុតាងដែលបញ្ជាក់ថា៖ ១) ខ្ញុំមានលាក់លុយ២០០លានដុល្លានៅធនាគារ BNP នៅបារាំង និង២) ខ្ញុំមានឈ្មោះដេញថ្លៃអគារ Le Parti Socialiste ដូចដែលលោកបានចោទ។ ឯកសារទាំងនោះយើងអាចស្នើសុំឲ្យស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំឲ្យធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិត។

បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថា ខ្ញុំពិតជាមានប្រាក់និងកំពុងដេញថ្លៃអគារដូចដែលលោកចោទប្រកាន់មែន ខ្ញុំហ៊ាន៖
១៖ ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថា មាននោះឲ្យទៅលោក
២៖ ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈថា ខ្ញុំនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត

ប៉ុន្តែបើលោក ម៉ែន ណាត មិនហ៊ានភ្នាល់ ឬមិនអាចផ្តល់ភស្តុតាងពិតប្រាកដ ដើម្បីបញ្ជាក់តាមការចោទរបស់លោកទេ ខ្ញុំសុំឲ្យលោក ម៉ែន ណាត៖
១៖ ធ្វើលិខិតសុំទោសខ្ញុំជាសាធារណៈ
២៖ ធ្វើកិច្ចសន្យាជាសាធារណៈថា លោកនឹងឈប់ប្រឡូកក្នុងនយោបាយតាមគ្រប់រូបភាពអស់មួយជីវិត

ខ្ញុំមិនខ្លាចនឹងភ្នាល់ទេ ព្រោះខ្ញុំគ្មានអ្វីត្រូវលាក់បាំងចំពោះការចោទប្រកាន់របស់លោក ម៉ែន ណាត ទេ។

ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហាននោះ ហ៊ានភ្នាល់ជាមួយខ្ញុំដែរ ព្រោះបើតាមអ្វីដែលលោកសរសេរនោះ គឺលោកបានអួតថា មានភស្តុតាងអស់ហើយសម្រាប់យកឈ្នះ ក្នុងការភ្នាល់គ្នានេះ។ ប្រជាពលរដ្ឋជាច្រើនក៏កំពុងរង់ចាំមើលដែរ តើអ្នកក្លាហានដូចលោកហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនសរសេរឬទេ?

ខ្ញុំសង្ឃឹមថា លោក ម៉ែន ណាត ពិតជាមានចិត្តជាកូនប្រុស និងមានភាពក្លាហាន ទទួលខុសត្រូវចំពោះការសរសេររបស់ខ្លួន ហើយមិនមែនជាជនកំសាក និងមិនហ៊ានទទួលខុសត្រូវនោះទេ។

ខ្ញុំនឹងរង់ចាំចម្លើយលោក ហើយបើលោកមានឯកសារជាភស្តុតាងពិតប្រាកដ សូមបង្ហាញមក។ ឯកសារទាំងនោះយើងនឹងស្នើសុំឲ្យស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំឲ្យធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិតបាន៕