កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។
ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។
ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក បងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមសិប្បកម្ម ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម ដែលជាការងារស្ថិតនៅក្រៅប្រព័ន្ធ។ បើសរុបទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធអាចប្រហាក់ប្រហែល ៤០ទៅ៤៥ម៉ឺនដែលទទួលបានការងារធ្វើហើយ ក្នុងចំណោមជិត៩០ម៉ឺននាក់ ដែល ត្រឡប់មកវិញ។
ដើម្បីផ្តល់លទ្ធភាពអោយពលករទទួលបានការងារគ្រប់ៗគ្នា ក្រសួងការងារបានរៀបចំវេទិកាការងារចំនួន ៥៧៧លើក ហើយ ដោយនាំយកឱកាសការងារដ៏ច្រើនសម្បូរបែប និងរៀបចំសម្ភាសន៍ការងារនៅកន្លែងផ្ទាល់តែម្តង។ ហើយនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប ដោយនៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ នៅបរិវេណសាលាបឋមសិក្សា សម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ ក្នុងស្រុកសូទ្រនិគម និងថ្ងៃអាទិត្យ ទី៧ ខែធ្នូ នៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ក្នុងស្រុកពួកដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ បន្ថែមលើនេះ អ្នកចូលរួមក៏អាចចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាទទួលបានព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស.។
ពិសេសទៀតនោះ ការចូលរៀននៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងបង់ថ្លៃរៀនជំនួសបងប្អូន ហើយពេលកំពុងរៀន សម្តេចបវរធិបតី នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុង១ខែ ជូនបងប្អូនរហូតដល់ទៅ ៤ខែ ជាប់គ្នាផងដែរ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានសម្រួលដល់និតិវិធីធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ជូនដល់បងប្អូនសម្រាប់ទៅសម្ភាសន៍ការងារ រឺប្រើប្រាស់បែបបទ ផ្សេងៗ។ ចំណែកក្រសួងការងារ ក៏ណែនាំដល់ក្រុមហ៊ុនផ្សេងៗ ឱ្យលើកលែងការស្នើសុំ ឱ្យមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយរយៈ ដើម្បីទុកពេលបងប្អូនដែលមកភ្លាមត្រូវការធ្វើឯកសារសិន ។
ជាមួយគ្នានេះទៀតក្រសួងការងារ ក៏បានចេញសេចក្តី អំពាវនាវដល់មេក្រូហិរញ្ញវត្ថុ នានា ដើម្បីពន្យារពេលក្នុងការសង និងផ្តល់ការអនុគ្រោះដល់បងប្អូនដែលទើបត្រឡប់មក ពីប្រទេសថៃ ដើម្បីពន្យារពេលឱ្យពួកគាត់មានពេលវេលាស្វែងរកការងាររកចំណូលសិន ដើម្បីមានលទ្ធភាពអាចបង់បន្តបាន៕



