(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការយកចិត្តទុកដាក់ពីលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ បានសម្របសម្រួលផ្តល់ជូននូវការវះកាត់ ជូនកុមារីមកពីគ្រួសារក្រីក្រម្នាក់ ដែលមានបញ្ហាក្រញង់ជើងដោយសារពស់ចឹកកាលពី៣ឆ្នាំមុន នៅខេត្តក្រចេះ។
កុមាររីខាងលើឈ្មោះ ឌីម នីតា មកពីគ្រួសារទីទ័លក្រ ក្នុងភូមិកោះខ្ញែរ ឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានឪពុកឈ្មោះ ហង សុខឌឿន មុខរបរជាកម្មករសំណង់ និងម្ដាយឈ្មោះ ហុន ផល្លា មុខរបរមេផ្ទះ។
កុមារី ឌីម នីតា បានទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារជាតិ ដោយមានការយកចិត្តទុកដាក់ពីលោក ញ៉ិប អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ, លោកវេជ្ជបណ្ឌិត កែវ វណ្ណា អនុប្រធានមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានដឹកនាំក្រុមគ្រូពេទ្យឯកទេស ដែលមានលោកវេជ្ជបណ្ឌិតឯកទេស ជឺ ហរ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាមន្ទីរពេទ្យកុមារជាតិ និងសហការីធ្វើការវះកាត់ជូន ដោយផ្ទាល់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានលទ្ធផលជោគជ័យ គួរជាទីគាប់ចិត្ត។
ជាមួយគ្នានេះ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារកុមារីកំសត់ផងដែរ។
ម្តាយ ឪពុក កុមារីកំសត់បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមគ្រូពេទ្យឯកទេស នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានផ្តល់នូវការពិនិត្យ ព្យាបាល វះកាត់ និងថែទាំដល់កូនស្រីរបស់គាត់ដោយមិនគិតថ្លៃ និងប្រកបដោយទឹកចិត្តសប្បុរសក្រៃលែង ដែលនេះគឺជាការផ្តល់ជូននូវអាយុជីវិតថ្មី ក្តីសង្ឃឹមថ្មី និងអនាគតថ្មី សម្រាប់កូនស្រីរបស់គាត់ គឺ ធីម នីតា៕








