ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលវ៉ាក់សាំងការពារជំងឺរាកធ្ងន់ធ្ងរ និងមានក្អួតលើកុមារតូច (អាយុពី១ខែ ដល់២ឆ្នាំ) ដែលបង្កដោយវីរុសរ៉ូតា ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
ការដាក់បញ្ចូលវ៉ាក់សាំងរ៉ូតានេះ គឺបង្ហាញពីសមិទ្ធផលនៃការចូលរួម រួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ និងសហគមន៍ទូទាំងប្រទេស ដែលបង្ហាញពីការប្តេជ្ញារបស់កម្ពុជា ក្នុងការធានាឱ្យកុមារទាំងអស់ មានឱកាសទទួលថ្នាំបង្ការ ដើម្បីសង្គ្រោះជីវិត។ ការផ្តល់ថ្នាំបង្ការ គឺជាការវិនិយោគដ៏សំខាន់មួយ លើវិស័យសុខភាពសាធារណៈ ជាពិសេសលើកុមារដ៏មានប្រសិទ្ធភាព ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយអត្រាមរណភាព អត្រាឈឺ និងពិការភាពរបស់កុមារនៅទូទាំងប្រទេស។
«វ៉ាក់សាំង ដែលកម្មវិធីជាតិផ្តល់ថ្នាំបង្ការយកមកផ្តល់ជូនដល់ទារក កុមារ ស្រ្តី និងប្រជាជន សុទ្ធតែបានត្រួតពិនិត្យ និងមានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោក មុននឹងដាក់បញ្ចូល ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល»។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ទោះបីបញ្ហាព្រំដែន ក៏សុខាភិបាលនៅតែបន្តរឹងមាំ និងបន្តសកម្មភាពរបស់ខ្លួន និងបានណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ និងជំរញការផ្តល់វ៉ាក់សាំងបង្ការដល់ទារក កុមារ និងប្រជាជន ឱ្យបានគ្របដណ្តប់លើកុមារ ទារកគ្រប់គ្នា។
បន្ថែមពីនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សូមអំពាវនាវ សូមមាតាបិតា អាណាព្យាបាលទាំងអស់ ចាំបាច់ត្រូវការពារកូនឱ្យជៀសផុត ពីជំងឺដែលអាចបង្ការបានដោយការទទួលវ៉ាក់សាំងទាំង ១៤មុខ ដោយត្រូវនាំទារក និងកុមារគ្រប់រូប មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ដូស និងគ្រប់មុខ តាមការណែនាំរបស់បុគ្គលិកសុខាភិបាល»។
បន្ថែមពីនេះទៀតឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី/ខេត្ត និងមន្រ្តីផ្តល់ថ្នាំបង្ការទាំងអស់ ដូចខាងក្រោម៖
១៖ ត្រូវបង្កើនការយកចិត្តទុកដាក់ ធានានិរន្តភាពនៃការអនុវត្តសេវាផ្តល់ថ្នាំបង្ការ ប្រកបដោយប្រសិទ្ធភាព ទទួលបានលទ្ធផលអត្រាគ្របដណ្តប់ខ្ពស់ គ្រប់មុខវ៉ាក់សាំង នៅគ្រប់មណ្ឌលសុខភាព
២៖ ត្រូវធ្វើការកៀងគរឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីឱ្យការអនុវត្តការងារផ្តល់ថ្នាំបង្ការប្រកបដោយស្តង់តែមួយ នៅទូទាំងប្រទេស
៣៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត ស្រុកប្រតិបត្តិ សូមបន្តពិនិត្យ តាមដាន ផ្ទៀងផ្ទាត់ទិន្នន័យផ្តល់ថ្នាំបង្ការពីគ្រប់មណ្ឌលសុខភាព ឱ្យបានត្រឹមត្រូវជាប្រចាំ ដើម្បីធានាគុណភាព និងសុក្រិត្យភាព រួមទាំងរបាយការណ៍ទិន្នន័យផ្តល់ថ្នាំបង្ការពីវិស័យឯកជនផងដែរ
៤៖ មន្ទីរសុខាភិបាលរាជធានី/ខេត្ត ត្រូវធ្វើការវឌ្ឍនភាពនៃការស្រាវជ្រាវជំងឺ វិភាគទិន្នន័យ និងធានាការឆ្លើយតបយ៉ាងឆាប់រហ័សទាន់ពេល តាមគោលការណ៍ណែនាំ រួមទាំងសេវាឯកជន
៥៖ មណ្ឌលសុខភាព ត្រូវចុះសកម្មស្រាវជ្រាវករណីជំងឺ នៅក្នុងសហគមន៍ និងចូលរួមជាមួយក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីស្រាវជ្រាវជំងឺ និងរាយការណ៍អំពីករណីជំងឺ និងផលប៉ះពាល់ដែលអាចកើតមានក្រោយទទួលថ្នាំបង្ការ
៦៖ បង្កើនកិច្ចសហការណ៍ជាមួយអង្គការដៃគូអភិវឌ្ឍ សមាគមន៍ សាសនា និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដើម្បីទទួលបានការគាំទ្រដល់ការអនុវត្តសកម្មភាពផ្តល់ថ្នាំបង្ការ និងការជម្រុញការងារលើកកំពស់សហគមន៍លើការងារផ្តល់ថ្នាំបង្ការ និងសុខភាពបឋម
៧៖ បន្តបណ្តុះបណ្តាល ក្រុមទ្រទ្រង់សុខភាពភូមិ និងបង្កើនការផ្សព្វផ្សាយដល់សហគមន៍បន្ថែមអំពីចំណេះដឹងមូលដ្ឋាន ស្តីពីជំនាញការប្រាស្រ័យទាក់ទងអន្តរបុគ្គល លើការផ្តល់ថ្នាំបង្ការ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្នកម្មវិធីជាតិផ្តល់ថ្នាំបង្ការ មានវ៉ាក់សាំងចំនួន ១៤មុខ ដែលអាចការពារជំងឺ ទារក កុមារ និងប្រជាជន រួមមាន៖ (១) ការពារជំងឺរបេង (២) គ្រុនស្វិតដៃជើង (៣) ក្អកមាន់ (៤) ខាន់ស្លាក់ (៥)តេតាណូស (៦) រលាកថ្លើមប្រភេទបេ (៧) ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Hib) (៨)ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី ព្នើម៉ូកូក) (៩)ជំងឺកញ្រ្ជឹល (១០)ជំងឺស្អូច (១១)ជំងឺរលាកខួរក្បាលជេអ៊ី (១២)វ៉ាក់សាំងកូវីដ-១៩ (១៣) វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និង(១៤) វ៉ាក់សាំងថ្មីមួយមុខទៀតគឺវ៉ាក់សាំងបង្ការជំងឺរាក ដែលបង្កដោយវីរុសរ៉ូតា (Rotavirus vaccine)៕




































