ប្រជាពលរដ្ឋខេត្តតាកែវ សម្រុកនាំអំណោយផ្ដល់ជូនកងកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក តាមរយៈរដ្ឋបាលខេត្ត


ប្រជាពលរដ្ឋក្នុងខេត្តតាកែវ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្ដនាំគ្នាសម្រុកយកសម្ភារជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនអាជ្ញាធរខេត្ត ដើម្បីយកទៅចែកជូនបន្តដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដោយសារការឈ្លានពានរបស់យោធាថៃ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា មកចូលរួមជាមួយរដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅទីទួលសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្តតាកែវ បានសម្ដែងនូវការអរគុណចំពោះទឹកចិត្តរបស់មន្ត្រីរាជការ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានទឹកចិត្តស្នេហាជាតិ ដោយបានចំណាយនូវធនធានផ្ទាល់ខ្លួន ទាំងថវិកា និងសម្ភារជាស្បៀងអាហារ ឧបត្តម្ភដលវីរកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក។

ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏មោះមុត ចំពោះរាជរដ្ឋាភិបាលជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលកំពុងតស៊ូប្រយុទ្ធនៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា សូមបួងសួងដល់ទេវតា ជួយបីបាច់ថែរក្សាដល់បងប្អូនកងទ័ពនៅសមរភូមិមុខ ឲ្យទទួលជ័យជំនះលើសត្រូវឈ្លានពាននឹងការពារបូរណភាពទឹកដីរបស់កម្ពុជា ឲ្យបានគង់វង្សតទៅមុខទៀតផងដែរ៕