រដ្ឋបាលខេត្តព្រៃវែង បួងសួងសុំសេចក្តីសុខដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិ យ៉ាងអង់អាចក្លាហានការពារទឹកដី


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ រួមជាមួយ ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិក ក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបួងសួងសុំសេចក្តីសុខ ដល់វីរៈកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិមុខការពារ ទឹកដី និងមាតុភូមិ។

ពិធីនេះប្រារព្ធធ្វើនៅទួលបារាយណ៍អណ្តែត (ទួលអស់លោក) ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានការចូលរួមពីលោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានសភាព ពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្ត នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត និងក្រុមការងារ សាលាខេត្ត សរុបចំនួន ១០៥រូប។

​ពិធីដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បានរួមគ្នា សំពះបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមឲ្យទេវតា និងអង្គអ្នកតាថែរក្សាទឹកដី តាមជួយថែរក្សា និងប្រទានពរជ័យជូនដល់វីរកងទ័ពជួរមុខទាំងអស់ សូមឲ្យបានជួបប្រទះតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ មានកម្លាំងកាយ កម្លាំងចិត្តមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លាក្នុងការការពារសន្តិភាព និងឯករាជ្យជាតិប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ​ពិធីនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងធំធេងរបស់រដ្ឋបាលខេត្តព្រៃវែង ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ព ដែលជាខែលការពារជាតិ និងជាឆ្អឹងខ្នងការពារសុវត្ថិភាពជូនប្រជាជនកម្ពុជាទាំងមូល៕