គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រគេន និងជូនដំណឹងដល់ សម្ដេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត រៀបចំពិធីប្រកាសសច្ចករិយា និងផ្សាយមេត្តាធម៌ ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្មារតីសាមគ្គីជាតិ ជាធ្លុងមួយរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក សូមឱ្យមានសុខសន្តិភាព កើតមានដល់ប្រទេសកម្ពុជា។
សូមជម្រាបថា កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥និង៣០នាទី ដល់ម៉ោង៨និង០០នាទីយប់តទៅ។ នេះបើតាមសេចក្តីប្រគេន និងជូនដំណឹង របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែល Fresh News ទទួលបាននៅរសៀលនេះ។
សេចក្តីប្រគេន និងជូនដំណឹងរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងដូច្នោះថា៖ «គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមទូលថ្វាយ ប្រគេន និងជូនដំណឹងដល់ សម្តេចព្រះសង្ឃ ព្រះមេគណរាជធានី ខេត្ត ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត មេត្តាជ្រាបថា យោង ស្មារតីអង្គប្រជុំចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ របស់គណៈសង្ឃនាយក រៀបចំពិធីនមស្ការព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត ប្រកាសសច្ចភរិយា និងផ្សាយមេត្តាធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើកទឹកចិត្ត ដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ពង្រឹងស្មារតីក្នុងការសាមគ្គីជាតិ ក្នុងស្ថានកាណ៍ប្រទេសជាតិ មានសង្គ្រាមឈ្លានពានពីកងទ័ពយោធាថៃ នៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ មកលើប្រទេសកម្ពុជា ស្នើសុំ តាមវត្តអារាមទូទាំងប្រទេស រៀបចំពិធីនមស្ការព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត ចម្រើនសមាធិ ប្រកាសសច្ច ភរិយា និងផ្សាយមេត្តាធម៌ ចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក សូមឱ្យមានសុខ សន្តិភាព កើតមានដល់ប្រទេសកម្ពុជា។ សូមប្រកាសគាំទ្រយ៉ាងឱឡារិកនូវរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវនាវដល់ព្រះសង្ឃ បងប្អូន ប្រជាពលរដ្ឋខ្មែរ ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសដល់បងប្អូនវីរៈកងទ័ពជួរមុខដែលកំពុងការពារការឈ្លានពានពីសំណាក់ ខ្មាំងសត្រូវនៅគ្រប់សមរភូមិ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃសៅរ៍ ៨រោចខែមិគសិរឆ្នាំម្សាញ់ សប្ដស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៥និង៣០នាទីដល់ម៉ោង៨និង០០នាទីយប់ តទៅ»៕
សូមអានសេចក្តីប្រគេន និងជូនដំណឹង របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ខាងក្រោម៖





