រដ្ឋសភាកម្ពុជា បន្តរៀបចំសម្ភារប្រើប្រាស់ និងគ្រឿឧបភោគបរិភោគ ចែកជូនជនភៀសសឹក គ្រួសារយុទ្ធជន និងគ្រួសាររបស់ជនស៊ីវិលដែលទទួលមរណភាព


រដ្ឋសភាកម្ពុជា បានបន្តរៀបចំសម្ភារប្រើប្រាស់ និងគ្រឿឧបភោគបរិភោគ ចែកជូនជនភៀសសឹក គ្រួសារយុទ្ធជន និងគ្រួសាររបស់ជនស៊ីវិលដែលទទួលមរណភាព។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមទីប្រឹក្សា ជំនួយការសម្តេចប្រធានរដ្ឋសភា និងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគនានា ជាមួយរដ្ឋសភា ដើម្បីឧបត្ថម្ភគំាទ្រដល់វីរយុទ្ធជនជួរមុខ ដែលកំពុងតតំាងប្រឆំាងការឈ្លានពានរបស់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជា និងឧបត្ថម្ភដល់យុទ្ធជននិងពលរដ្ឋទទួលមរណៈ និងរងរបួស និងជនភៀសសឹក។

អំណោយដែលរដ្ឋសភាទទួលបានមានថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដូចជា ភួយ ម៉ាស ក្រម៉ា អាវរងារ ខោអាវ ថ្នាំពេទ្យ មី ទឹកបរិសុទ្ធ អង្ករ មួក កន្ទេល នំក្រៀម មី ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ឆ្នាំង អំបុក ទឹកផ្លែឈើ និងទឹកក្រូច ជាដើម ដែលក្នុងនោះថវិកាទទទួលបានមួយចំនួនរួមមាន ថវិកាចំនួន ១០០,០០០ដុល្លារ ពីលោក សេង ញ៉ក់ និងលោកស្រី, ថវិកាចំនួន ៣០,០០០ដុល្លារ ពីអ្នកឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ, ថវិកាចំនួន ១០,០០០ដុល្លារ ពីសាលាអន្តរជាតិ អាយស៊ីអេស (ICS) ម៉ាស់២,០០០ និងភួយចំនួន១,០០០ ពីលោក កែប ជុតិមា និងលោកស្រី។

គិតត្រឹមនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋសភាបានធ្វើការបែងចែកថវិកា សម្ភារៈទំាងអស់ សម្រាប់ចូលបុណ្យសពយុទ្ធជន និងពលរដ្ឋដែលបានពលីបាត់បង់អាយុជីវិត ជួយទំនុកបម្រុងជូនយុទ្ធជននិងពលរដ្ឋរងរបួស និងជនភៀសសឹក តាមខេត្តជាប់ព្រំដែន រួមមានខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

ថ្នាក់ដឹកនាំរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅកំពុងទទួលបានជំនួយឧបត្ថម្ភបន្តបន្ទាប់ និងធ្វើការបែងចែកអំណោយទំាងអស់នោះ ជូនសមរភូមិជួរមុខបន្តទៀត ឆ្លើយតបការអំពាវនាវនិងការយកចិត្តទុកដាក់ជាខ្លំាងបំផុត ចំពោះវីរៈកងទ័ព និងពលរដ្ឋពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ៕