អភិបាលខេត្តក្រចេះ និងប្រធានក្រុមប្រឹក្សាខេត្ត យកលិខិតរំលែកទុក្ខ និងថវិកាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារសពវីរកងទ័ពពលី ២នាក់


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកនូវសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសព វរសេនីយ៍ត្រី មឿន សុផុន និងអនុសេនីយ៍ឯក ពុំ ម៉ៅ ជាយោធិន នៃយោធភូមិភាគទី២ កងទ័ពជើងគោក ដែលបានពលីជីវិតនៅសមរភូមិមុខការពារជាតិមាតុភូមិ នៅប្រាសាទខ្នារ ខេត្តឧត្ដរមានជ័យ ជូនដល់ក្រុមគ្រួសារសព ក្នុង ១សព ថវិកាចំនួន ៨០ ០០០ ០០០រៀល (ប៉ែតសិបលានរៀលគត់)។

ឯកឧត្តម បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារនៃសព ព្រមទាំងបានចូលរួមឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារសពទាំង ២ ក្នុង ១សព ថវិកាចំនួន ២០.០០០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមក៏ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធពីបណ្ដាថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញ រដ្ឋបាលក្រុង ស្រុកផងដែរ៕